ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរតែរួមជាមួយប្រទេសចិន ចាត់វិធានការ យ៉ាងប្រាកដប្រជា ដើម្បីជំរុញទំនាក់ទំនង ចិន-អាមេរិក ឱ្យ”ប្រកបដោយស្ថិរភាព និងប្រសើរឡើង”

នៅថ្ងៃទី ៩ ខែកក្កដា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសហរដ្ឋអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេល ៤ ថ្ងៃនៅប្រទេសចិន ។ ក្នុងការជួបពិភាក្សា និងការចរចានាប៉ុន្មាន ថ្ងៃកន្លងទៅនេះ ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិក សុទ្ធតែបានបង្ហាញថា នឹងពង្រឹងការប្រាស្រ័យ ទាក់ទងនិងកិច្ចសហប្រតិបត្តិការ ។ មន្ត្រីចិន បានសង្កត់ធ្ងន់ថា ការធ្វើឱ្យសន្តិសុខជាតិមានលក្ខណៈទូទៅ វាគ្មានអំណោយផល ដល់ការប្រាស្រ័យទាក់ទង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី ។ លោកស្រី Yellen បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិក មិនស្វែងរក”ការកាត់ផ្តាច់” ទំនាក់ទំនងខាងសេដ្ឋកិច្ច ជាមួយប្រទេសចិននោះទេ ហើយបានសន្យាថា នឹងជំរុញឱ្យសេដ្ឋកិច្ច អាមេរិកនិងចិន” អាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ” ។

លោកស្រី Yellen គឺជាមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករូបទីពីរ ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងរយៈពេលមួយខែ ។ ដំណើរទស្សនកិច្ច នៅប្រទេសចិន របស់លោកស្រី Yellen លើកនេះត្រូវគេចាត់ទុកថា ជាវិធានការជាក់ស្តែង ដើម្បីអនុវត្តគំនិតឯកភាពរួម ដែលមេដឹកនាំចិន និងសហរដ្ឋអាមេរិក បានឈានដល់នៅក្នុង កិច្ចប្រជុំកោះបាលី ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ ។

បើមើលពីព័ត៌មាន ដែលភាគីទាំងពីរបានបញ្ចេញនោះអាចឃើញថា ចិនសម្គាល់ថា កិច្ចពិភាក្សាលើកនេះ ប្រកបដោយលក្ខណៈស្ថាបនា ។ នៅពេលបញ្ចប់ដំណើរ ទស្សនកិច្ចលោកស្រី Yellen ក៏បានថ្លែងដែរថា កិច្ចជំនួបជាមួយប្រទេសចិន នាប៉ុន្មានថ្ងៃកន្លងទៅនេះគឺ “ផ្ទាល់និងប្រកប ដោយប្រសិទ្ធភាព” ។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា លោកស្រីYellen នៅតែលើកឡើងដដែលៗអំពី”សន្តិសុខជាតិ” ហើយអះអាងថា នឹងដាក់ចេញ ក្បួនច្បាប់ ខាងសេដ្ឋកិច្ចដ៏”យុត្តិធម៌” ។ នេះបង្ហាញថា ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នា ក្នុងការកែលម្អ កិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយឡែក គឺសហរដ្ឋអាមេរិក នៅមានកិច្ចការជាច្រើនត្រូវធ្វើទៀត ។

ទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្នកំពុងធ្លាក់ក្នុងភាពជាប់គាំង ។ និយាយពីឬសគល់ អាមេរិកមានកំហុសក្នុងការស្វែងយល់ពីប្រទេសចិន ហើយចាត់ទុកប្រទេសចិន ជា”គូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុត” ។ ដូចគ្នានេះដែរ អំពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អ្នកនយោបាយអាមេរិក មួយចំនួនតូចនៅតែមិន ដឹងច្បាស់ យ៉ាងពិតប្រាកដថា “ការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺជាធាតុពិត នៃទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចចិន-អាមេរិក” ហើយពួកគេមិនបានដឹងថា “ការពង្រឹង កិច្ចសហប្រតិបត្តិការ គឺជាតម្រូវការជាក់ស្តែង និងជាជម្រើសដ៏ត្រឹមត្រូវរបស់ភាគី ទាំងពីរចិននិងសហរដ្ឋអាមេរិក” ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការ ធ្វើទំនើបកម្មតាមបែបផែនចិន និងមានឆន្ទៈក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយបណ្តា ប្រទេសនានាលើពិភពលោក ក្នុងនោះក៏បូករួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីជំរុញការអភិវឌ្ឍជាមួយគ្នា ។ បើនិយាយចំពោះសហរដ្ឋអាមេរិក ប្រទេសចិនមានទីផ្សារ ដ៏ធំធេង ហើយកិច្ចសហប្រតិបត្តិការ ជាមួយចិនក៏មានអំណោយផល ដល់ការជំរុញឱកាសការងារ របស់សហរដ្ឋអាមេរិក និងទប់ស្កាត់អតិផរណាផងដែរ ។

ទន្ទឹមនឹងនេះ អាមេរិក ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង កុំធ្វើឲ្យបញ្ហាសេដ្ឋកិច្ចក្លាយទៅជាបញ្ហានយោបាយ ។ សហរដ្ឋអាមេរិកគួរ តែលុបចោលពន្ធគយ ដែលបានដំឡើង ចំពោះប្រទេសចិន ក្នុងពេលឆាប់ៗ បន្ធូរបន្ថយការហាមឃាត់ការ នាំចេញទៅកាន់ប្រទេសចិន លុបចោលការដាក់ ទណ្ឌកម្មចំពោះសហគ្រាសចិន ក៏ដូចជាបង្កបង្កើតលក្ខខណ្ឌ សម្រាប់សហគ្រាស នៃប្រទេសទាំងពីរក្នុងការពង្រីក កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ ។

លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកមិនអាចឃ្លាតឆ្ងាយ ពីបរិយាកាសនៃទំនាក់ទំនងចិន-អាមេរិកបានទេ ។ ទំហំសេដ្ឋកិច្ច សរុប របស់ប្រទេសចិន និងសហរដ្ឋអាមេរិក លើសពីមួយភាគបីនៃពិភពលោកទាំងមូល ហើយអត្រារួមចំណែក ចំពោះកំណើន សេដ្ឋកិច្ច សកលនៃប្រទេសទាំងពីរបានលើសពី ៥០ ភាគរយ ។ វាច្បាស់ណាស់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគី ទាំងពីរមានសារសំខាន់ ចំពោះសេដ្ឋកិច្ចពិភពលោក ។
រំពឹងទុកថា បន្ទាប់ពីលោកស្រី Yellen ត្រឡប់ទៅដល់ប្រទេសអាមេរិកវិញ អ្នកផងទាំងពួងអាចឃើញថា សហរដ្ឋអាមេរិក នឹងរួមជាមួយប្រទេសចិន ចាត់វិធានការយ៉ាងប្រាកដ ប្រជា ដើម្បីជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យ” ប្រកបដោយស្ថិរភាពនិងប្រសើរឡើង” ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top