ព័ត៌មានអន្តរជាតិ

ស៊ូដង់ ប្រកាសថា ស្លាប់១៤នាក់ ក្នុងពេលមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក

AFP

ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រកាសថា មានមនុស្សចំនួន១៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយ ដោយយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) នៅក្នុងរដ្ឋធានី KHARTOUM ។

កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងជីវពលឧទ្ទាមបានកំណត់គោលដៅ លើពលរដ្ឋដែលបានប្រមូលផ្តុំ ដើម្បីស្វាគមន៍កងកម្លាំង របស់យើងនៅក្នុងតំបន់ Al-Azouzab ដោយយន្តហោះគ្មានមនុស្សបើក ដោយបានសម្លាប់ជនស៊ីវិលចំនួន ១៤នាក់ និង១៥នាក់ផ្សេងទៀតបានរងរបួស” ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពស៊ូដង់បានបញ្ជាក់ថា ខ្លួននឹងបន្តប្រមូលផ្តុំគ្នានៅក្នុងតំបន់ ដើម្បីតាមដានសកម្មភាពនៅទីតាំងរបស់ RSF នៅទីក្រុង Khartoum ។

ក្រសួងសុខាភិបាលស៊ូដង់ បានចេញផ្សាយតួលេខមួយថា ប្រទេសស៊ូដង់ បាននឹងកំពុងឃើញមានការប៉ះទង្គិចគ្នា យ៉ាងសាហាវរវាងកងទ័ពស៊ូដង់ និង RSF នៅទីក្រុង Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដែលបណ្តាលឱ្យមនុស្សជាង ៣.០០០នាក់ស្លាប់ និងរបួសជាង៦.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top