ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការពង្រីកការតាំងទីលំនៅ និងបញ្ចប់ការកាន់កាប់

រូបភាពពី៖​ AFP

រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន បានឲ្យដឹងថា ការបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន គឺជាកញ្ចប់រួមបញ្ចូលគ្នាមួយ សម្រាប់ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា បើគ្មានការផ្លាស់ប្តូរគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការពង្រីក ការបញ្ចូល និងបន្តការកាន់កាប់ទេ “តំបន់ទាំងមូលនឹងស្ថិតនៅផ្លូវបំបែកជាប្រវត្តិសាស្ត្រ និងជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់”។

លោក Abu Rudeineh បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបដិសេធថា រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តបង្កកការតាំងទីលំនៅនៅតំបន់វេសបែង ។

អ៊ីស្រាអែល បានកាន់កាប់តំបន់វេសបែង ក្នុងឆ្នាំ១៩៦៧ ហើយបានបង្កើតការតាំងទីលំនៅនៅលើនោះ ដែលជាទង្វើមួយ ដែលត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់អន្តរជាតិ និងជាប្រភពនៃជម្លោះដ៏សំខាន់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

កាលពីថ្ងៃពុធ វិទ្យុអ៊ីស្រាអែល បានរាយការណ៍ថា លោក ណេតាន់យ៉ាហ៊ូ បានសន្យាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីផ្អាកការសាងសង់លំនៅដ្ឋានរហូតដល់ចុងឆ្នាំ២០២៣​ ហើយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះរឿងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top