ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុម​អ្នកគាំទ្រលោក Pita ប្រកាសប្រមូលផ្តុំគ្នា ទ្រង់ទ្រាយធំការពារលោក នៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ នៅក្រុងបាងកក

បរទេស៖ ក្រុមបាតុករដែលគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បានផ្ទុះឡើងនៅកន្លែងជាច្រើន ក្នុងទីក្រុងបាងកកក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការ​ផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពី សភាបានច្រានចោលការប៉ុនប៉ង ជាលើកទីពីររបស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ក្នុងការព្យួរលោកពីសមាជិកសភា ដោយរង់ចាំការពិចារណាលើ សំណុំរឿងភាគហ៊ុន iTV របស់លោក។

រណសិរ្សរួបរួមនៃ Thammasat និងបាតុកម្ម, ក្រុម Talugas និងអង្គការនិស្សិតរបស់ប្រទេសថៃ បានប្រកាសនៅលើទំព័រ Facebook របស់ពួកគេអំពីផែនការ ក្នុងការធ្វើបាតុកម្មនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ។

ការជួបជុំដែលបានគ្រោងទុកនៅថ្ងៃសុក្រ នឹងចាប់ផ្តើមនៅខាងក្រៅ សាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart នៅម៉ោង ៥ល្ងាច ហើយម្តងទៀតនៅម៉ោង ៧យប់នៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក ។

សភាប្រជាជនកែទម្រង់ប្រទេសថៃ និងសម្ព័ន្ធមិត្ត កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការរយៈពេល ១១ ថ្ងៃដើម្បីគាំទ្រ “រដ្ឋាភិបាលប្រជាធិបតេយ្យ” ដែលចាប់ផ្តើមនៅផ្លូវបំបែក ប៉ាធុមវ៉ាន់ ។

លោក សម្បត្តិ ប៉ុនងាំ អាណុង (Sombat Boonngam-anong) ជាសកម្មជននយោបាយ បានបង្ហោះនៅលើទំព័រ Facebook របស់លោកនូវការអំពាវនាវឱ្យមាន ការជួបជុំមួយផ្សេងទៀត នៅថ្ងៃអាទិត្យនៅផ្លូវបំបែក Asok ចាប់ពីម៉ោង ៥ ល្ងាច ដើម្បីបង្ហាញពីការគាំទ្រខាងសីលធម៌ចំពោះលោក Pita និងគណបក្ស Move Forward ហើយលោក​បាន​អញ្ជើញ​លោក Pita ឱ្យទៅ​ចូលរួមផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top