ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ថា រុស្ស៊ី គួរតែចូលរួមក្នុងស្ដារគំនិតផ្ដួចផ្ដើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ

រូបភាពពី៖​ AFP

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan បានឲ្យដឹងថា រុស្ស៊ី គួរតែចូលរួម ដើម្បីស្តារឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយព្រមានថា ដំណោះស្រាយណាមួយដែលមិនរាប់បញ្ចូលទីក្រុងម៉ូស្គូ នឹងគំរាមកំហែងដល់សន្តិសុខ។

លោក Fidan បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានការចូលរួមដោយសមភាគីវេណេស៊ុយអេឡា លោក Yvan Gil ថា “យើងជឿជាក់ថា ប្រទេសរុស្ស៊ី គួរតែត្រូវបាននាំយកមកលើតុចរចា” ។

លោក Fidan បានលើកឡើងថា “វាទំនងណាស់ដែលដំណោះស្រាយក្រៅពីនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គំនិតផ្តួចផ្តើមដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនត្រូវបានឈ្មួញកណ្តាលតួកគី និងអង្គការសហប្រជាជាតិក្នុងខែកក្កដាឆ្នាំ២០២២ ហើយបានផុតកំណត់នៅសប្តាហ៍នេះបន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់រុស្ស៊ី។

តួកគី បាននឹងកំពុងធ្វើការ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលបានជួយសម្រាលការខ្វះខាតស្បៀងអាហារជាសកល បន្ទាប់ពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២។

គំនិតផ្តួចផ្តើមដែលដំបូងមានសុពលភាពរយៈពេល ១២០ថ្ងៃ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់រយៈពេល ១២០ថ្ងៃទៀតរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកប្រទេសរុស្ស៊ី បានយល់ព្រមបន្តកិច្ចព្រមព្រៀងនេះត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃទី១៧ ខែឧសភា រុស្ស៊ីបានយល់ព្រមបន្តកិច្ចព្រមព្រៀងរយៈពេល ៦០ ថ្ងៃទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top