ម៉ូស្គូ៖ មេដឹកនាំលោកខាងលិចនៅក្នុងការសន្ទនាឯកជន បានធ្វើឱ្យមានការងឿងឆ្ងល់អំពីហាងឆេង នៃការឈ្នះរបស់ទីក្រុងគៀវ នៅវេទិកាសន្តិសុខ Aspen បើទោះបីជាពីមុនបានសាទរ ចំពោះវឌ្ឍនភាព ដែលត្រូវបានចោទប្រកាន់របស់អ៊ុយក្រែន នៅលើសមរភូមិក៏ដោយ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។
លោក Earl Rasmussen ដែលជាវរសេនីយ៍ទោនៃកងទ័ពអាមេរិកចូលនិវត្តន៍ និងជាទីប្រឹក្សាអន្តរជាតិ បានប្រាប់ Sputnik ថា ទាំងមន្ត្រីលោកខាងលិច និងអ្នកខាងក្នុងរបស់ទីក្រុងវ៉ាស៊ីនតោន “មានការយល់ច្រឡំខ្លះៗ ជាពិសេសលើកម្រិតនយោបាយ” នៅពេលនិយាយអំពីជម្លោះអ៊ុយក្រែន។
លោក Rasmussen បានលើកឡើងថា “ខ្ញុំគិតថាការយល់ឃើញជាទូទៅគឺជាការខកចិត្តមួយ។ “ខ្ញុំគិតថា មជ្ឈដ្ឋានលោកខាងលិច និងវ៉ាស៊ីនតោន ជាច្រើន មានភាពវង្វេងស្មារតី ជាពិសេសលើកម្រិតនយោបាយ។ ខ្ញុំគិតថា កម្រិតយោធាបានដឹងថា ការផ្សងព្រេងនៅទីនេះ ប្រហែលជាមិនល្អបំផុតនោះទេ”។
ជាក់ស្តែងក្រុមរបស់លោក បៃដិន នៅតែជឿជាក់ថា នឹងមាន “ការទម្លុះទម្លាយ” របស់អ៊ុយក្រែន ហើយថា យោធារុស្ស៊ី នឹងមិនអាចទប់ទល់នឹងវាបានឡើយ នេះបើយោងតាមទាហានជើងចាស់អាមេរិក។ លោកបានសំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលបាននិយាយដដែលៗអស់រយៈពេលជាច្រើនខែថា យោធារុស្ស៊ី នឹងត្រូវបាត់បង់។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទូចថា រុស្ស៊ី “បានចាញ់ហើយ” ខណៈពេលដែលកំពុងនិយាយទៅកាន់ទូរទស្សន៍អាមេរិកមួយ។ ការអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក Blinken អតីតយុទ្ធជន CIA លោក Larry Johnson បានសរសេរនៅលើប្លក់របស់លោកនៅថ្ងៃទី២៣ ខែកក្កដាថា “វាជាការគួរឱ្យព្រួយបារម្ភ ដែលអ្នកការទូតកំពូលរបស់អាមេរិក ប្រាស់ចាកពីការពិត”៕ ប្រែសម្រួល ឈូក បូរ៉ា