វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិក ជឿជាក់ថា ការរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាមួយប្រទេសចិន គឺជារឿងសំខាន់ បើទោះបីជាប្រទេសនេះ បានដករដ្ឋមន្ត្រីការបរទេស Qin Gang ចេញពីមុខតំណែងដោយមិនបានប្រាប់ហេតុផលក៏ដោយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងថា “វាមិនផ្លាស់ប្តូរអ្វីនោះទេ” ខណៈកត់សម្គាល់ថា ដោយសារការដកចេញ គឺជាបញ្ហាផ្ទៃក្នុងសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក មិនមានជំហរនិយាយច្រើនអំពីវានោះទេ។
លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក “ប្តេជ្ញាធ្វើឱ្យបណ្តាញទំនាក់ទំនងកាន់តែស៊ីជម្រៅ” ជាមួយប្រទេសចិន ដើម្បីជៀសវាងការយល់ច្រឡំ ឬការគណនាខុស។
លោក Vedant Patel អ្នកនាំពាក្យរងសំខាន់នៃក្រសួងការបរទេសបានបង្ហាញថា សហរដ្ឋអាមេរិក មិនត្រូវបានជូនដំណឹងដោយប្រទេសចិន ជាមុនអំពីការផ្លាស់ប្តូរជួរការទូតរបស់ខ្លួននោះទេ ប៉ុន្តែថែមទាំងបានសង្កត់ធ្ងន់ថា គោលនយោបាយជាមូលដ្ឋានរបស់ទីក្រុងវ៉ាស៊ីនតោន នឹងមិនរងផលប៉ះពាល់ដោយការរង្គោះរង្គើភ្លាមៗនោះទេ។
លោកបានប្រាប់សារព័ត៌មានដោយឡែកថា “យើងបន្តគិតថាវាមានសារៈសំខាន់មិនគួរឱ្យជឿ ដែលយើងរក្សាទំនាក់ទំនងបើកចំហ” ជាមួយប្រទេសចិន ដើម្បីគ្រប់គ្រងទំនាក់ទំនងទ្វេភាគី “ប្រកបដោយការទទួលខុសត្រូវ ដែលជាអ្វី ដែលសហគមន៍អន្តរជាតិរំពឹងពីយើង” ។
ការដកលោក Qin ចេញពីតំណែង បន្ទាប់ពីការអវត្តមានដ៏អាថ៌កំបាំង ១ខែពីកាតព្វកិច្ចសាធារណៈត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ។ ដំណឹងនេះបានកើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បានបន្តកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងការប៉ុនប៉ងដើម្បីបំបាត់ភាពតានតឹង។
លោក Qin ត្រូវបានជំនួសដោយអ្នកស្នងតំណែងមុនរបស់លោក គឺលោក វ៉ាង យី ដែលបានកាន់តំណែងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ មុនពេលក្លាយជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាមុខតំណែង ដែលត្រូវបានចាត់ទុកថា ជាអ្នកការទូតកំពូលរបស់ប្រទេស។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែមិថុនា ដោយបានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់។
លោក Blinken ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានទៅទស្សនកិច្ចប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៨ បានយល់ព្រមជាមួយពួកគេ ដើម្បីបន្តការសន្ទនា ហើយបានអញ្ជើញលោក Qin ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញការពិភាក្សាផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា