ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមបាតុករជានិស្សិត ទាមទារឱ្យប្រគល់អំណាច ឱ្យប្រជាពលរដ្ឋវិញ នៅថ្ងៃពុធសប្តាហ៍ក្រោយ

ប្រភព ៖ AFP

បរទេស ៖ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យមកពីក្រុម “Thammasat បាននិយាយថា នឹងមិនអត់ឱន” និង បានទាមទារឲ្យប្រគល់អំណាចទៅឲ្យពលរដ្ឋវិញ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមនិស្សិត និងអ្នកគាំទ្រគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward បានប្រមូលផ្តុំគ្នានៅទីធ្លា Sanya Dharmasakti នៅបរិវេណសាកលវិទ្យាល័យ Rangsit ទល់មុខមហាវិទ្យាល័យច្បាប់។

អង្គការនិស្សិតរបស់សាកលវិទ្យាល័យ ក្រុមប្រឹក្សានិស្សិត និង បណ្តាញនិស្សិត បានរៀបចំបាតុកម្មនយោបាយ ដើម្បីបញ្ជាក់ជំហររបស់ពួកគេ លើការបង្កើតរដ្ឋាភិបាល ។ សកម្មជនជាច្រើនបានថ្លែងសុន្ទរកថា តែងជាកំណាព្យ ដែលត្រូវបានអានដោយក្រុមអក្សរសិល្ប៍ ហើយក្រុមតន្រ្តីស្ម័គ្រចិត្តជាច្រើនបានផ្គត់ផ្គង់តន្ត្រី ។

វាគ្មិនបានរិះគន់សមាជិកព្រឹទ្ធសភាយ៉ាងខ្លាំង ដោយថា មិនបានធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋ ដោយបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលឲ្យបានឆាប់។ ពួកគេក៏បានរិះគន់តុលាការធម្មនុញ្ញ ដោយហៅតុលាការនេះថាជា “ឧបករណ៍សម្រាប់សង្រ្គាមនីតិបញ្ញត្តិ” ក៏ដូចជាគណៈកម្មការ រៀបចំការបោះឆ្នោតថាមិនយុត្តិធម៌។

ក្រុមនិស្សិត ទាំងនោះបានសម្តែង ការមិនពេញចិត្តផងដែរ ចំពោះគណបក្សដទៃ ដូចបក្សភឿថៃ ដែលមិនបានរក្សាការសន្យា ដែលខ្លួនបាន ធ្វើចំពោះប្រជាជន ។ ចលនានេះបានអះអាងថា សូម្បីតែអ្នកដែលបានបោះឆ្នោត ឱ្យគណបក្សភឿថៃ ក៏សម្តែងការមិនយល់ស្របនឹងគណបក្ស ដែលសហការជាមួយរដ្ឋាភិបាលចាស់ដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top