វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីសកម្មភាពថ្មី ដើម្បីការពារសហគមន៍ពីរលកកំដៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បៃដិន បានដឹកនាំក្រសួងការងារសហរដ្ឋអាមេរិក ឱ្យចេញការជូនដំណឹងអំពីគ្រោះថ្នាក់ជាលើកដំបូង ដែលមិនធ្លាប់មាន សម្រាប់រលកកំដៅ និងបានប្រកាសពីការវិនិយោគថ្មី ដើម្បីការពារសហគមន៍។
ប្រជាជនអាមេរិករាប់លាននាក់បច្ចុប្បន្ន កំពុងជួបប្រទះឥទ្ធិពលនៃរលកកំដៅខ្លាំង ដែលកំពុងតែកើនឡើងនៅក្នុងអាំងតង់ស៊ីតេ ប្រេកង់ និងរយៈពេលដោយសារតែវិបត្តិអាកាសធាតុ។
លោក បៃដិន គ្រោងបានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ជាមួយអភិបាលក្រុងមកពីទីក្រុងចំនួនពីររបស់សហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងសីតុណ្ហភាពខ្ពស់ ដែលរួមមានទីក្រុង Phoenix នៃរដ្ឋអាំរីហ្សូណា និងទីក្រុងសាន់អាន់តូនីញ៉ូ នៃរដ្ឋតិចសាស់។
លោក បៃដិន នឹងសិក្សាដោយផ្ទាល់អំពីរបៀប ដែលសហគមន៍របស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយរលកកំដៅខ្លាំង និងពិភាក្សាអំពីជំហាន ដើម្បីការពារសហគមន៍ដូចពួកគេ នេះបើយោងតាមសេតវិមាន។
លោក បានកត់សម្គាល់ថា មនុស្សប្រហែល ៦០០ នាក់នៅក្នុងសហរដ្ឋអាមេរិក បានស្លាប់ដោយសាររលកកំដៅខ្លាំងជារៀងរាល់ឆ្នាំ ច្រើនជាងដោយសារទឹកជំនន់ ខ្យល់ព្យុះ និងព្យុះកំបុតត្បូងរួមបញ្ចូលគ្នាទៅទៀត៕ ប្រែសម្រួល ឈូក បូរ៉ា