ព័ត៌មានអន្តរជាតិ

ករណីផ្ទុះឃ្លាំង ស្តុកកាំជ្រួច នៅថៃឡង់ដ៏ បណ្តាលឲ្យស្លាប់ មនុស្សចំនួន៩នាក់

ប្រភព ៖AFP

បាងកក៖ ប្រភពព័ត៌មានចេញ ពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា
មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ការផ្ទុះឡើងដ៏ខ្លាំងក្លាមួយ បានឆាបឆេះឃ្លាំង ស្តុកកាំជ្រួច១ កន្លែងកាលពីថ្ងៃសៅរ៍ ស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន៩នាក់ និងរងរបួសជាង១០០នាក់ ខណៈដែលផ្ទះជាច្រើន នៅក្បែរនោះត្រូវបានដួលរលំ ឬខូចខាត ។
ចំពោះការផ្ទុះនេះគឺ បានកើតឡើងនៅក្នុងទីក្រុង Sungai Kolok ក្នុងខេត្តជាប់ព្រំដែន Narathiwat ត្រូវបានគេគិតថា បណ្តាលមកពីការផ្សារដែក នៅក្នុងកំឡុងពេលការងារ សាងសង់លើអាគារនោះ ។

លោក Sanan Pongaksorn អភិបាលខេត្ត Narathiwat បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ឃ្លាំងស្តុកកាំជ្រួចនៅក្រុង Sungai Kolok បានផ្ទុះកាលពីពេលរសៀល ហើយចំនួនចុងក្រោយបំផុតគឺ៩នាក់បានស្លាប់ និង១១៥នាក់ទៀតបានរងរបួស” ។

លោកបានបញ្ជាក់ថា “នៅពេលនេះអគ្គិភ័យកំពុងស្ថិតក្រោម ការគ្រប់គ្រងបានហើយ ។ ការស៊ើបអង្កេតបឋម បានបង្ហាញឲ្យដឹងថា មូលហេតុគឺជាកំហុសបច្ចេកទេសនៅកំឡុងពេលដំណើរការផ្សារដែក ដោយសារអាគារកំពុងធ្វើការសាងសង់” ។

គេបានដឹងថា ការផ្ទុះនេះបានបំផ្លិចបំផ្លាញ តំបន់ដ៏ច្រើន ដែលនៅជុំវិញឃ្លាំងនេះ ។ ខ្សែវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានបង្ហាញ ពីផ្សែងហុយយ៉ាងសន្ធោសន្ធៅ ប៉ើងឡើងលើមេឃ ហើយហាងលក់ទំនិញ ផ្ទះ និងយានយន្តជាច្រើន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារកម្លាំង នៃការផ្ទុះនេះ ដោយខ្លះបានឆាបឆេះ និងដំបូលផ្ទះជាច្រើន ត្រូវបានឆាបឆេះដោយភ្លើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top