ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ប៉ូឡូញ ព្រមានអ៊ុយក្រែនថា ​ការកោះហៅ​ ឯកអគ្គរដ្ឋទូត​ប៉ូឡូញ មិនគួរកើតឡើង ម្ដងទៀតនោះទេ

ប្រភព ៖ AFP

WARSAW ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ក្រសួងការបរទេស អ៊ុយក្រែន បានធ្វើ “កំហុសមួយ” ដោយកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ។ លោក Morawiecki បាន​សរសេរ​ថា “​ដោយសារ​ការគាំទ្រ​ដ៏​ច្រើន ​ដែល​ប៉ូឡូញ​ផ្តល់​កម្ចី​ដល់​អ៊ុយក្រែន កំហុស​បែបនេះ​មិនគួរ​កើតឡើង​ទៀតនោះទេ​”​ ។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញលោក Bartosz Cichocki ជុំវិញសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយ​ក ជំនួយការប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងការឆ្លើយតបនាពេលថ្មីៗនេះ ចំពោះការរិះគន់ប្រឆាំង នឹងការសម្រេចចិត្តរបស់ប៉ូឡូញ ក្នុងការពន្យារការហាមឃាត់ ការនាំចូលអាហារពីអ៊ុយក្រែន លោក Przydacz បានលើកឡើងថា អ៊ុយក្រែន គួរតែចាប់ផ្តើមកោតសរសើរ ចំពោះ “ការគាំទ្រដ៏ធំធេង” ដែលខ្លួនបានទទួលពីប្រទេសប៉ូឡូញ ។

នៅខែមិថុនា ឆ្នាំ២០២២ សហភាពអឺរ៉ុប បានដកពន្ធលើការនាំចូលស្បៀងអាហារ ពីអ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន ដែលនាំឱ្យមានការតវ៉ា ពីក្រុមកសិករនៅក្នុង ប្រទេសប៉ូឡូញ និង ប្រទេសដទៃទៀត។ មិនយូរប៉ុន្មានរដ្ឋាភិបាល ប៉ូឡូញ បានចាប់ផ្តើមហាម ឃាត់ការនាំចូល ប៉ុន្តែបានអនុញ្ញាត ឱ្យឆ្លងកាត់ទឹកដីប៉ូឡូញ ទៅកាន់ទីផ្សារផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថា ការចោទប្រកាន់របស់លោក Przydacz លើ​អ៊ុយក្រែនថា ជាមនុស្សមិនគោរពការពិត និងមិនអាចទទួលយកបាននោះ” ។

លោកបន្ដថា “យើងជឿជាក់ថា មិត្តភាពអ៊ុយក្រែន-ប៉ូឡូញ គឺជ្រៅជាងគោលដៅនយោបាយ។ នយោបាយមិនគួរចោទសួរអំពីការយល់ដឹងគ្នាទៅវិញទៅមក និងកម្លាំងនៃទំនាក់ទំនង រវាងប្រជាជាតិរបស់យើងនោះទេ”។

ក្រសួងការបរទេស របស់ប្រទេសប៉ូឡូញ បានឲ្យដឹងនៅពេលក្រោយនៅក្នុងថ្ងៃ ដែលខ្លួនក៏បានអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅក្រសួងផងដែរ ជុំវិញ “សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយតំណាងអាជ្ញាធរអ៊ុយក្រែន” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top