ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញយន្ដ ហោះចម្បាំងធុន Su-30 ដើម្បីបណ្ដេញយន្ដហោះឈ្លប យកការណ៍របស់អាមេរិក ចេញពីដែនអាកាស របស់ខ្លួន

ប្រភព ៖ Xinhua

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Tass បានឲ្យដឹងថា យន្តហោះចម្បាំង Su-30 របស់រុស្ស៊ី “បានអមដំណើរ” យន្ដហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិក ឆ្លងកាត់សមុទ្រខ្មៅ។

សារព័ត៌មាន Tass បានដកស្រង់សម្តី របស់មជ្ឈមណ្ឌលគ្រប់គ្រង ការពារជាតិរបស់រុស្ស៊ីថា “កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធរ៉ាដា របស់រុស្ស៊ី បានរកឃើញគោលដៅ អាកាសមួយខិតជិតព្រំដែនរដ្ឋ នៃសហព័ន្ធរុស្ស៊ី លើដែនទឹកនៃសមុទ្រខ្មៅ” ។

មជ្ឈមណ្ឌលនេះបានឲ្យដឹងថា “យន្តហោះចម្បាំង Su-30 របស់អង្គភាពការពារដែន អាកាស ដែលបំពេញកាតព្វកិច្ចត្រូវបានវាយលុក ដើម្បីកំណត់អត្តសញ្ញាណ គោលដៅអាកាស និងដើម្បីការពារការរំលោភព្រំដែនរដ្ឋ នៃសហព័ន្ធរុស្ស៊ី” ។

ប្រភពបានបន្ថែមថា គោលដៅពីលើអាកាសត្រូវបានកំណត់ថា ជាយន្តហោះដ្រូនរបស់កងទ័ព អាកាសអាមេរិកធុន MQ-9A Reaper នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

មជ្ឈមណ្ឌលបានឲ្យដឹងទៀតថា “ភ្លាមៗ នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី ចូលទៅជិតយន្តហោះដ្រូនឈ្លប យកការណ៍បរទេស ក្រោយមកទៀត បានងាកចេញពីព្រំដែនរដ្ឋ នៃប្រទេសរុស្ស៊ី” ដោយបន្ថែមថា យន្តហោះចម្បាំង បានត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព។

ប្រភពបានឲ្យដឹងទៀតថា ការហោះហើរ យន្ដហោះចម្បាំងធុន Su-30 របស់រុស្ស៊ីត្រូវបានអនុវត្តតាមច្បាប់ដែនអាកាសអន្តរជាតិ ហើយមិនមានការរំលោភ លើព្រំដែនរដ្ឋ របស់រុស្ស៊ីនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top