ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ បន្ថែមគណបក្ស៦ទៀត ចូលទៅក្នុងក្រុមចម្រុះ

បរទេស៖ គណបក្សភឿថៃ ដែលរួមគ្នាជាមួយគណបក្ស Bhumjaithai នៅថ្ងៃពុធ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដោយបានបន្ថែមគណបក្សចំនួនប្រាំមួយបន្ថែមទៀត ចូលទៅក្នុងក្រុមចម្រុះ ហើយបានប្រកាសថា ឥឡូវនេះពួកគេមានសំឡេងភាគច្រើនច្បាស់លាស់នៅក្នុងសភាជាន់ទាប។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការពិភាក្សាជាមួយដៃគូចម្រុះថ្មីត្រូវបានធ្វើឡើងនៅសភា ដើម្បីបញ្ចៀសការប្រឈមមុខនឹងក្រុមបាតុករ។

គណបក្សចំនួនប្រាំមួយ ដែលបានចូលរួមជាមួយក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ រួមមានៈ គណបក្ស ប្រាឆាឆាត, គណបក្ស សេរីរាមថៃ (ថៃសេរី) , គណបក្ស ភឿថៃ រុំប៉ាឡាំង , គណបក្ស ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ និង គណបក្ស ឆាត ផាតាណាខ្លា។

គណបក្ស ប្រាឆាឆាត , គណបក្ស សេរីរាមថៃ, គណបក្ស ភឿថៃ រុំប៉ាឡាំង និងគណបក្ស ប៉ាឡាំងសង្គមម៉ៃ ក៏ជាផ្នែកមួយនៃក្រុមចម្រុះដំបូងដែលដាក់បញ្ចូលគ្នាដោយ គណបក្ស Move Forward ដែលរួមមានភឿថៃ។

ទោះបីជាគណបក្សទាំងប្រាំបីរបស់សម្ព័ន្ធមានត្រឹមតែ ២២៨ អាសនៈក្នុងសភាដែលមាន ៥០០ អាសនៈក៏ដោយ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធភាពមានការគាំទ្រយ៉ាងហោចណាស់ ២៥១ អាសនៈ ដែលផ្តល់ឱ្យវានូវភាគច្រើនច្បាស់លាស់។

គណបក្សភឿថៃ បានប្រកាសថា សមាជិកបន្ថែមទៀតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ ខណៈដែលគណបក្សនេះគ្រោងនឹងជួបពិភាក្សានៅថ្ងៃស្អែកជាមួយគណបក្ស ឆាត ថៃ ប៉ាតាណា ដែលមាន ១០ អាសនៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top