ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភាគីអាមេរិក បង្ខំជំរុញ “ការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់” មិនអាចរារាំង ដល់ការអភិវឌ្ឍ របស់ចិនបានឡើយ

នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា តាមម៉ោងក្រុងប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ស្តីពីការត្រួតពិនិត្យ ចំពោះការបណ្តាក់ទុនវិនិយោគ នៅក្រៅប្រទេស ដោយដាក់កំហិត ចំពោះក្រុមហ៊ុនអាមេរិក ដែលបណ្តាក់ទុនវិនិយោគ នៅប្រទេសចិន ក្នុងវិស័យវត្ថុពាក់កណ្តាលចម្លង និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិច និងភាពវៃឆ្លាតសប្បនិម្មិត ។ ប្រព័ន្ធសារព័ត៌មាន អាមេរិកថ្លែងថា បទបញ្ជាប្រតិបត្តិនេះ ប្រហែលនឹងចូលជាធរមាន នៅមួយឆ្នាំក្រោយ ក្នុងរយៈពេលនេះ រដ្ឋាភិបាល លោក Joe Biden នឹងប្រមូលមតិនិង ប្រតិកម្ម របស់ប្រជាជន ដើម្បីធ្វើការកែសម្រួល ។ តាមការពិត ការដាក់ចេញបទ បញ្ជាប្រតិបត្តិនេះ ក៏ជាសញ្ញាអវិជ្ជមានមួយ ពោលគឺបានយក “ការលុបចោល ហានិភ័យ”ធ្វើជាលេស ដើម្បីជំរុញ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ដែលបាននាំមកនូវភាព ជ្រួលច្របល់ដល់ពិភពលោក ។

មជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិក បានសម្តែងការព្រួយបារម្ភភ្លាមៗ ។ សមាគមឧស្សាហកម្មវត្ថុពាក់កណ្តាល របស់អាមេរិកបានថ្លែងថា នឹងផ្តល់មតិយោបល់ ហើយរំពឹងថា ក្បួនច្បាប់ចុងក្រោយ អាចអនុញ្ញាតឱ្យក្រុមហ៊ុនបន្ទះឈីបរបស់អាមេរិក “ចូលក្នុងទីផ្សារដ៏សំខាន់ នៅទូទាំងពិភពលោក ក្នុងនោះក៏បូករួម ទាំងប្រទេសចិនផង” ។ សមាគមការវិនិយោគហានិភ័យជាតិ អាមេរិកក៏បានសម្តែងថា បាននិងកំពុងតាមដានយ៉ាងដិតដល់ ដើម្បីធានាថា បទបញ្ជាប្រតិបត្តិនេះ “មិនបង្កជាផលវិបាកដែលនឹកស្មាន មិនដល់ចំពោះការវិនិយោគ របស់ក្រុមហ៊ុនអាមេរិក”ទេ ។

តាមការទម្លាយនៃប្រព័ន្ធសារព័ត៌មាន អាមេរិកឱ្យដឹងថា ពេលវេលាសម្រាប់ដាក់ចេញបទបញ្ជា ប្រតិបត្តិនេះបានប្រើប្រាស់អស់រយៈពេលជិតពីរឆ្នាំ ។ ឥស្សរជនវិភាគបានលើកឡើងថា ការដាក់ចេញបទ បញ្ជាប្រតិបតិ្តនេះហាក់ដូចជា “ឧបាយកលនយោបាយ” ដែលបានឆ្លុះបញ្ចាំង ពីបរិយាកាសនយោបាយមិន ប្រក្រតីនៃក្រុងវ៉ាស៊ីនតោន ។
បើមើលពីវិស័យប្រាក់ទុន អាមេរិកអាចឃើញថា បទបញ្ជាប្រតិបតិ្តនេះ នឹងធ្វើឱ្យប្រាក់ទុនអាមេរិកបំបែកពីគ្នា ជាមួយប្រទេសចិនដែលជា “ប្រភពច្នៃប្រឌិតថ្មី” ។ នៅកាលពីមុន ស្ថាប័នភាគ ហ៊ុនឯកជន (PE) និងស្ថាប័នវិនិយោគហានិភ័យ របស់អាមេរិកបានចែករំលែកភាគលាភ នៃការអភិវឌ្ឍនិងច្នៃប្រឌិតថ្មី របស់ចិន ។ ទិន្នន័យស្ថិតិបង្ហាញ ថា នៅប្រទេសចិន ក្នុងចំណោមសហគ្រាស ដែលទទួលបានដើមទុនវិនិយោគទាំងអស់ មួយភាគបីគឺវិនិយោគ ដោយភាគីអាមេរិក ។ ឥស្សរជនវិភាគ បានលើកឡើងថា ប្រសិនបើប្រាក់ទុនអាមេរិកដកចេញ នោះប្រាក់ទុនប្រទេសផ្សេងទៀត នឹងបំពេញបន្ថែមភ្លាមៗ ។ កាសែត 《New York Times 》ក៏បានទទួលស្គាល់ថា “ចិនមិនខ្វះប្រាក់ទុន ”នោះទេ ។
ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិក ធ្វើការដាក់កំហិត ចំពោះការវិនិយោគនៅប្រទេសចិន ប្រការនេះបានបំផ្លាញ យ៉ាងខ្លាំងម្តងទៀត ដល់កេរ្តិ៍ឈ្មោះ របស់អាមេរិក ថែមទៀត ។ ឥឡូវនេះ ភាគីអាមេរិកបង្កការដាក់កំហិត ចំពោះការ វិនិយោគនៅប្រទេសចិន និងប៉ុនប៉ងវាយបង្ក្រាប ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិន គឺជាការនិយាយផ្សេង ធ្វើផ្សឹងទាំងស្រុង ដែលគ្មានគោរពពាក្យសច្ចៈអ្វីសោះ ។ មតិអន្តរជាតិលើកឡើងថា ទង្វើរបស់ភាគីអាមេរិក នឹងធ្វើឱ្យទំនាក់ទំនងរវាងតួអង្គសេដ្ឋកិច្ចធំបំផុត ទាំងពីរនៅលើពិភពលោកមានភាពកាន់តែតានតឹង។ រីឯអាមេរិកវិញ ត្រូវរ៉ាប់រងទំនួលខុសត្រូវទាំងស្រុង ដែលបានបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិក ។
សូមដាស់តឿនអ្នកនយោបាយ អាមេរិកកុំបណ្តោយខ្លួនចូលទៅក្នុង “ឧបាយកលនយោបាយ”អី គួរតែស្តាប់សំឡេងឱ្យបានច្រើនពីមជ្ឈដ្ឋាននានា ដើម្បីធ្វើការចាត់ចែងមាន ទំនួលខុសត្រូវនិងគោរព តាមក្បួនខ្នាតសេដ្ឋកិច្ច ។ ភាគីអាមេរិកបង្ខំជំរុញ“ ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” គឺមិនអាចរារាំងដល់ការអភិវឌ្ឍ របស់ចិនបានឡើយ ហើយចុងក្រោយមុខជានឹង បំផ្លាញដល់ផលប្រយោជន៍ ផ្ទាល់ខ្លួនជាក់ជាមិនខាន ៕

To Top