ព័ត៌មានអន្តរជាតិ

ចិន​ អំពាវនាវ​ឲ្យ​ហ្វីលីពីន ​រួមគ្នា​ស្វែងរក​មធ្យោបាយ ដ៏​មាន​ប្រសិទ្ធភាព ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ​នៅ​សមុទ្រ​ចិន​ខាងត្បូង

រូបភាពពី៖​ AFP

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យប្រទេសហ្វីលីពីន ធ្វើការឱ្យបានឆាប់រហ័សជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង។

លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរទស្សនៈជាមួយឥស្សរជននៃប្រទេសសិង្ហបុរី និងម៉ាឡេស៊ី អំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង និងបានបញ្ជាក់ពីជំហររបស់ប្រទេសចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសទាំងពីរនៅលើ ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃសុក្រ។

រដ្ឋមន្ត្រីការបរទេសចិន បានកត់សម្គាល់ថា ប្រទេសចិន បានបង្ហាញឆន្ទៈម្តងហើយម្តងទៀតក្នុងការដោះស្រាយភាពខ្វែងគំនិតជាមួយហ្វីលីពីនតាមរយៈការសន្ទនាទ្វេភាគី ដោយសង្ឃឹមថា ភាគីហ្វីលីពីន នឹងគោរពតាមការឯកភាព ដែលសម្រេចបាននាពេលកន្លងមក និងស្រឡាញ់ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលប្រមូលបានតាមរយៈការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី។

ប៉ុន្មានឆ្នាំមកនេះ លោក វ៉ាង យី បានលើកឡើងថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង សម្រេចបាននូវស្ថិរភាពជារួម និងផ្តល់បរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍រៀងៗខ្លួននៃបណ្តាប្រទេសក្នុងតំបន់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោកលើកឡើងថា ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក និងកងកម្លាំងមួយចំនួនផ្សេងទៀត កំពុងបង្កើតរលកក្នុងសមុទ្រឥតឈប់ឈរ ដោយសារខ្លាចថា សមុទ្រចិនខាងត្បូង នឹងលែងមានភាពវឹកវរទៀតហើយ។

លោកបានកត់សម្គាល់ថា ពួកគេបានប្រើប្រាស់បញ្ហា Ren’ai Jiao នាពេលថ្មីៗនេះ ដើម្បីបញ្ឆេះភ្លើង បញ្ឆេះបញ្ហារវាងចិន និងហ្វីលីពីន ការប្រឈមមុខដាក់គ្នា និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងភាពស្ងប់ស្ងាត់នៃសមុទ្រចិនខាងត្បូង ក្នុងគោលបំណងបម្រើយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ផ្ទាល់ខ្លួនរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top