ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានចុះត្រួតពិនិត្យរោងចក្រផលិតអាវុធសំខាន់ៗមួយចំនួនកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម។
របាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលត្រួតពិនិត្យ លោក គីម ជុងអ៊ុន បានស្នើឱ្យរោងចក្រផលិតកាំជ្រួចយុទ្ធសាស្ត្របង្កើនសមត្ថភាពដែលមានស្រាប់របស់ខ្លួន និងជំរុញឱ្យរោងចក្រ ដែលផលិតឧបករណ៍បញ្ជូនកាំជ្រួចយុទ្ធសាស្ត្រ ដើម្បីពន្លឿនការផលិតយានបាញ់បង្ហោះទំនើប និងមានប្រសិទ្ធភាពខ្ពស់។
លោក បានបើករថយន្តពាសដែកពហុគោលបំណង ដែលទើបនឹងបង្កើតថ្មី នៅពេលពិនិត្យមើលរោងចក្រផលិតរថពាសដែករបស់ប្រទេស ហើយក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតគ្រាប់រ៉ុក្កែត ដែលអាចបញ្ជាបានទំហំធំ លោកបានស្នើសុំ “បង្កើនអិចស្ប៉ូណង់ស្យែល” ក្នុងការផលិតគ្រាប់ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ នៃកងកម្លាំងជួរមុខ។
លោក គីម ជុងអ៊ុន ក៏បានទាមទារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស គួរតែមានសមត្ថភាពលើសលប់ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅពេលណាក៏បាន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
យោងតាមរបាយការណ៍មុនៗរបស់ KCNA គណៈកម្មាធិការមជ្ឈិមយោធានៃគណបក្សពលករកូរ៉េនាពេលថ្មីៗនេះបានកោះប្រជុំធំមួយ ដោយពិភាក្សាអំពីវិធីពង្រឹងការត្រៀមធ្វើសង្គ្រាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ មុនពេលកិច្ចប្រជុំ លោក គីម ក៏បានត្រួតពិនិត្យទីតាំងឧស្សាហកម្មយោធា-ឧស្សាហកម្មសំខាន់ៗមួយចំនួននៅក្នុងប្រទេសផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា