ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ សង្គ្រាមនុយក្លេអ៊ែរ នឹងជិតមកដល់ហើយ

AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងជើងលោក Kang Sun-nam កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកកំពុងឈានមួយជំហ៊ាន ចូលទៅក្នុងជម្លោះនៃការប្រើប្រាស់ គ្រាប់បែកនុយក្លេអ៊ែរ។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលរបស់កូរ៉េខាងជើងរូបនេះ បានស្តីបន្ទោសចំៗទៅលើ សេចក្តីបំណងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីធ្វើការដោះដូររបបដឹកនាំ នៅកូរ៉េខាងជើងដែលជាមូលហេតុ ក្នុងការបង្កភាពតានតឹង។

លោកក៏បានចោទប្រកាន់អាមេរិកដែរថា បានព្យាយាមបង្កើនវត្តមានយោធា នៅក្នុងតំបន់តាមរយៈការដាក់ពង្រាយ យន្តហោះដែលអាចបំពាក់អាវុធនុយក្លេអ៊ែរ និងនាវាដែលអាចបំពាក់ អាវុធនុយក្លេអ៊ែរជាដើម ។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ ចំពោះគោលនយោបាយដ៏ឃោរឃៅ របស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយបោះបង់ចោលវិធីសាស្រ្ត ប្រឈមមុខរបស់ខ្លួន ប្រសិនបើខ្លួនពិតជាចង់ដោះស្រាយ វិបត្តិដោយសន្តិវិធី។

ជាចុងក្រោយលោកបាននិយាយថា៖ យើងដឹងយ៉ាងច្បាស់អំពីការពិតដែលថា ចេតនាឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងការដកហូតអាវុធនុយក្លេអ៊ែរ របស់យើង និងបំផ្លាញប្រព័ន្ធរបស់យើង តាមរយៈកម្លាំងដ៏សាហាវ របស់ពួកគេប៉ុន្តែទោះបីជាវានឹង មិនអាចទទួលលទ្ធផល ណាសូម្បីតែតិចតួចក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top