ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងផ្ដល់កិច្ចព្រមព្រៀងថ្មី ស្តីពីខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់

KYODO

តូក្យូ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា កិច្ចប្រជុំកំពូល ដែលសហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងផ្តល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការទំនាក់ទំនងបន្ទាន់រវាងមេដឹកនាំនៃប្រទេសទាំង៣។

យោងតាមលោក Kurt Campbell អ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថា ផែនការនេះនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រ ជាផ្នែកនៃ “គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាមួយ ដែលស្វែងរកការចាក់សោរនៅក្នុងការចូលរួមត្រីភាគី ទាំងឥឡូវនេះ និងទៅអនាគត” ។

លោក Campbell បានឲ្យដឹងនៅឯព្រឹត្តិការណ៍ Brookings Institution ថា “យើងនឹងវិនិយោគលើបច្ចេកវិទ្យា ដើម្បីឱ្យមានខ្សែទូរស័ព្ទទាន់ហេតុការណ៍៣ សម្រាប់មេដឹកនាំ និងអ្នកផ្សេងទៀតនៅក្នុងរដ្ឋាភិបាលរបស់ពួកគេក្នុងការទំនាក់ទំនង” ក្នុងកាលៈទេសៈបន្ទាន់។

លោកបានលើកឡើងថា គោលបំណងសំខាន់សម្រាប់កិច្ចប្រជុំកំពូលឯកតោភាគីលើកដំបូងរវាងប្រទេសទាំងបី ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅឯជំរុំ Camp David របស់លោក នៅជិតទីក្រុងវ៉ាស៊ីនតោន នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគី “កាន់តែទូលំទូលាយ ស៊ីជម្រៅ និងក្រាស់ជាងមុន”។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក បៃដិន នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេទៅកាន់ផ្នែកដ៏ធំទូលាយមួយ រួមទាំងឧបករណ៍ semiconductors បញ្ញាសិប្បនិម្មិត និងការអប់រំ ព្រមទាំងជំនួយអភិវឌ្ឍន៍នៅក្នុងផ្នែកផ្សេងទៀតនៃ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងការដោះស្រាយសន្តិសុខក្នុងចំណោមចំណុចផ្សេងទៀត មេដឹកនាំត្រូវបានគេរំពឹងថា នឹងយល់ព្រមធ្វើសមយុទ្ធរួមនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងបី ឱ្យបានញឹកញាប់ និងចែករំលែកព័ត៌មានក្នុងពេលជាក់ស្តែង អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top