ព័ត៌មានអន្តរជាតិ

Update ៖ យោធាចិន កំពុងចាប់ផ្តើមធ្វើសមយុទ្ធ នៅជុំកោះតៃវ៉ាន់

ប្រភព ៖ AFP

សៀងហៃ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យោធារបស់ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញ ដែនកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដោយបានលើកឡើងថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងបំបែកខ្លួន នៅក្នុងការឆ្លើយតបទៅនិងការរំពឹងទុក ចំពោះដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតី William Lai កោះនេះទៅកាន់សហរដ្ឋអាមេរិក ។

គេបានដឹងថា លោក Lai អ្នកនាំមុខគេក្នុងការក្លាយខ្លួន ជាប្រធានាធិបតីបន្ទាប់របស់កោះតៃវ៉ាន់ នៅក្នុងការបោះឆ្នោតក្នុងខែមករា នាពេលខាងមុខ បានធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃសុក្រ ជាកន្លែងដែលគាត់បានឈប់ សម្រាកជាផ្លូវការនៅពេលធ្វើដំណើរទៅ និងមកពីប្រទេស ប៉ារ៉ាហ្គាយ បើទោះបីជាលោកបានថ្លែងសុន្ទរកថា នៅក្នុងពេលគាត់នៅក្នុងប្រទេសនោះក៏ដោយ ។

បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើត របស់កងទ័ពរំដោះប្រជាជនចិន ដែលមានទំនួលខុស ត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងអនុវត្តការល្បាតរួមគ្នារបស់កងទ័ពជើងទឹក និងផ្លូវអាកាស ល្បាតជុំវិញដែនកោះមួយនេះ ។

បញ្ជាការដ្ឋាននេះបានឲ្យដឹងថា ខ្លួនក៏កំពុងធ្វើសមយុទ្ធរួម និងការហ្វឹកហ្វឺនកងកម្លាំងជើងទឹក និងដែនអាកាស ដោយផ្តោតលើមុខវិជ្ជាដូចជា ការសម្របសម្រួលនាវា និងយន្តហោះ និងការរឹបអូសការគ្រប់គ្រង ដើម្បីសាកល្បង លើ “សមត្ថភាពប្រយុទ្ធពិតប្រាកដ” របស់កងកម្លាំងយើង ។

បញ្ជាការដ្ឋានខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា “នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ ប្រឆាំងនឹងកងកម្លាំងបំបែកខ្លួន ឯករាជ្យកោះតៃវ៉ាន់ដែលឃុបឃិត ជាមួយកងកម្លាំងមកពីខាងក្រៅ ដើម្បីបង្ករឿងហេតុ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top