ព័ត៌មានអន្តរជាតិ

Update ៖ ភ្លើងឆេះព្រៃនៅកាណាដា ឆេះរាលដាលយ៉ាងខ្លាំង ខណៈការជម្លៀសខ្លួន ពលរដ្ឋចេញ ក៏នៅតែបន្តធ្វើដដែល

ប្រភព ៖ AFP

KELOWNA ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃ បានឆាបឆេះ “យ៉ាងខ្លាំង” ដែលកំពុងរំកិលខ្លួនយ៉ាងលឿន ចំនួន២កន្លែងបានរួមបញ្ចូលគ្នា ពេញមួយយប់នៅភាគខាងលិច នៃប្រទេសកាណាដា ដោយបានគំរាមកំហែងដល់ខ្នង ផ្ទះរាប់រយខ្នងបន្ថែមទៀត និងបង្ខំឱ្យមានការជម្លៀស ចេញជាបន្តបន្ទាប់ នៅក្នុងផ្នែកជាច្រើននៃខេត្ត British Columbia ។

មន្ត្រីពន្លត់អគ្គីភ័យនៅខេត្ត British Columbia បានលើកឡើងថា ភ្លើងដែលកំពុងកើនឡើង នៅពេលនេះ គឺស្ថិតនៅចំកណ្តាលទីក្រុង Shuswap ស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Vancouver ហើយភ្លើងនេះ គ្របដណ្តប់លើផ្ទៃដីជាង៤១.០០០ហិកតា ។

ខ្យល់បក់បោកយ៉ាងខ្លាំង នៅភាគខាងជើងបានបន្តឆាបឆេះភ្លើង ខណៈអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ព្យាយាម គ្រប់គ្រងស្ថានការណ៍នេះ ។

នៅទូទាំងខេត្តខាងលើមានមនុស្ស ប្រហែល៣០.០០០នាក់ត្រូវ បានបញ្ជាឱ្យជម្លៀសខ្លួនចេញ ខណៈដែល៣៦.០០០នាក់ផ្សេងទៀត ត្រូវបានគេប្រាប់ឱ្យត្រៀមខ្លួន ដើម្បីចាកចេញក្នុងរយៈពេលខ្លីផងដែរ ។

ចំណែកឯនៅដែនដីភាគពាយ័ព្យ នៃប្រទេសកាណាដា ភាគខាងជើងនៃរដ្ឋ British Columbia ក៏កំពុងប្រឈម នឹងការគំរាមកំហែង ដោយភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរផងដែរ ហើយរដ្ឋធានី Yellowknife ត្រូវបានហ៊ុំព័ទ្ធដោយភ្លើងឆេះព្រៃ អស់ជាច្រើនថ្ងៃមកហើយដែរ និងមានមនុស្សជិត២០.០០០នាក់នៅក្នុងទីក្រុងនេះ បានចាកចេញរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top