ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងតួកគីពិភាក្សាគ្នាលើ បញ្ហាសំខាន់ៗមួយចំនួន

Xinhua

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសតួគីដែល កំពុងបំពេញទស្សនកិច្ចលោក Hakan Fidan លើប្រធានបទសំខាន់ៗ មួយចំនួនរវាងប្រទេសទាំងពីរ។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីបានជួបជាមួយនឹងលោក Fidan លោក Hussein បាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហានៃចំណែកទឹក របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលប្រទេសទាំងពីរបាន រងផលប៉ះពាល់ដោយការប្រែប្រួល អាកាសធាតុពិភពលោកដូចគ្នាផងនោះ។

លោកHussein បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ ផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរដោយកត់សម្គាល់ថា មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនតួគីប្រហែលជា៨៥០ មកហើយដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលភាគច្រើនធ្វើការក្នុងវិស័យសំណង់។

សម្រាប់ភាគីខាងតួគីវិញលោក Fidan បាននិយាយថា ទំហំពាណិជ្ជកម្មរវាងអ៊ីរ៉ាក់និងតួគី បានឈានដល់២៥ពាន់លានដុល្លារអាមេរិក រហូតមកដល់ឆ្នាំនេះប៉ុន្តែវាយឺតយ៉ាវ នៅពីក្រោយសមត្ថភាពពិតប្រាកដ និងការរំពឹងទុករបស់ភាគីទាំងពីរនៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top