ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា ការប៉ុនប៉ងលើកទីពីរ សម្រាប់ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយកូរ៉េខាងជើង បានបរាជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

KCNA បានរាយការណ៍ថា ការហោះហើរនៃដំណាក់កាលទី១ និងទី២ នៃគ្រាប់រ៉ុក្កែតមានលក្ខណៈធម្មតា ប៉ុន្តែការបាញ់បង្ហោះ បានបរាជ័យដោយសារតែមានកំហុសក្នុងប្រព័ន្ធបំផ្ទុះសង្គ្រោះបន្ទាន់អំឡុងពេលហោះហើរដំណាក់កាលទី៣។

រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង (NADA) បានធ្វើការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាលើកទីពីរ Malligyong-1 នៅលើរ៉ុក្កែតដឹកជញ្ជូនប្រភេទថ្មី Chollima-1 នៅឯទីលានបាញ់បង្ហោះផ្កាយរណប Sohae ក្នុងតំបន់ Cholsan នៃខេត្ត North Phyongan នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ 

NADA បានឲ្យដឹងថា ខ្លួននឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧបទ្ទវហេតុនេះ ហើយនឹងធ្វើការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ទីបីនៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការបាញ់បង្ហោះមិនបានជោគជ័យបានកើតឡើងប៉ុន្មានខែបន្ទាប់ពីកូរ៉េខាងជើង បានជួបឧបទ្ទវហេតុមួយ នៅពេលដែលប្រទេស នេះបានធ្វើការប៉ុនប៉ងជាលើកដំបូងរបស់ខ្លួន ក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍ទៅក្នុងគន្លងតារាវិថីកាលពីចុងខែឧសភា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top