ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះព្រៃ នៅក្រិច កំពុងគំរាមកំហែងដល់ទីតាំងបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO

រូបភាពពី៖​ XINHUA

អាតែន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍មកថា ភ្លើងឆេះព្រៃនៅតំបន់ Viotia នៃប្រទេសក្រិច ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង អាតែន កាលពីថ្ងៃពុធម្សិលមិញនេះបានបង្កការខូចខាតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។
វត្តមួយដែលមានឈ្មោះថា Hosios Loukas ដែលមានតាំងពីសតវត្សទី១០ត្រូវបានចុះបញ្ជីក្នុងចំណោមវិមានដ៏សំខាន់បំផុតរបស់ប្រទេសនៃស្ថាបត្យកម្មសម័យ Byzantine ។

យោងតាមទីភ្នាក់ងារ AMNA បានឱ្យដឹងថា អគារចំណាស់ជាងគេមួយកន្លែងនៅបរិវេណនេះត្រូវបានខូចខាត ។

ក្រុមពន្លត់អគ្គីភ័យបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃពុធ ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះជុំវិញរដ្ឋធានីនៃប្រទេសក្រិច បានឆេះរាលដាលដល់ឧទ្យានជាតិ Mount Parnitha ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងអាតែន ។

អគ្គិភ័យដែលបានឆាបឆេះកាលពីថ្ងៃអង្គារនៅជើងភ្នំបានបំផ្លាញផ្ទះសម្បែង និងដីព្រៃឆេះអស់ហើយ ហើយការតាំងទីលំនៅនៅក្បែរនោះ និងជំរំជនចំណាកស្រុកត្រូវបានជម្លៀសចេញបន្ទាន់ផងដែរ ។

ស្ថានភាពនៅលើភ្នំ Parnitha មានភាពធ្ងន់ធ្ងរ ដោយសារវិបត្តិអាកាសធាតុរបស់ប្រទេសក្រិច ។ លោក Vassilis Kikilias រដ្ឋមន្ត្រីការពារជនស៊ីវិល បានប្រាប់អ្នកសារព័ត៌មាននៅទីនេះយ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top