ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អាមេរិកកំពុងស្វែងរកមូលដ្ឋាន ដើម្បីរក្សាទុកអាវុធនុយក្លេអ៊ែរ របស់ខ្លួននៅអង់គ្លេស

AFP

បរទេស៖ សហរដ្ឋអាមេរិកអាចស្វែងរកទីតាំង សម្រាប់ដាក់អាវុធនុយក្លេអ៊ែរ នៅលើទឹកដីអង់គ្លេសជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨, នេះបើយោងតាមឯកសារថវិកា របស់មន្ទីរបញ្ចកោណដែលវិភាគ ដោយអ្នកគិតគូររបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ឯកសារណែនាំថា យន្តហោះចម្បាំងអាមេរិកដែលមាន សមត្ថភាពវាយប្រហារ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក៏ត្រូវបានកំណត់សម្រាប់ មូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេសដូចគ្នាដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការផ្សាយរបស់សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃពុធថា នៅក្នុងសំណើផ្តល់មូលនិធិនៅខែមីនាទៅកាន់សភា យោធាសហរដ្ឋអាមេរិកបានស្វែងរកថវិកា ៥០លានដុល្លារសម្រាប់ “កន្លែងស្នាក់នៅធានា” ថ្មីមួយនៅឯមូលដ្ឋានទ័ពអាកាស Lakenheath Royal ក្នុងទីក្រុង Suffolk ភាគខាងជើងនៃរដ្ឋធានីចក្រភពអង់គ្លេស។

យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ពាក្យ “ធានា” ត្រូវបានគេប្រើជាញឹកញាប់ដោយ មន្ទីរប៉ង់តាហ្គោនដើម្បីសំដៅលើ “សមត្ថភាពរក្សាអាវុធនុយក្លេអ៊ែរ ឱ្យមានសុវត្ថិភាព និងស្ថិតក្រោមការគ្រប់គ្រងជាវិជ្ជមាន” ។

ខណៈពេលដែលឯកសារថវិកា បានលើកឡើងអំពីគម្រោងរបស់ អង្គការណាតូក្នុងការសាងសង់ “ទីតាំង និងកន្លែងសុវត្ថិភាព” ដើម្បីរក្សាទុក “អាវុធពិសេស” នៅក្នុងចក្រភពអង់គ្លេស, ក្រុមមន្ត្រីមិនទាន់បានបញ្ជាក់ពីការ ដាក់ពង្រាយថ្មីណាមួយនៅឯមូលដ្ឋាន ដែលកំពុងចោទឡើងនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top