បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសរបស់លោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយបារម្ភថា ការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសលោកខាងលិច គឺអាចធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការគាំទ្រ ទីក្រុងគៀវក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ។ នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពនានា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការបម្រើការ និងអតីតមន្ត្រីអាមេរិក និងអ៊ុយក្រែន ដែលត្រូវបានសម្ភាសដោយកាសែតនេះ គឺថា ទីក្រុងកៀវ “មានអារម្មណ៍ថា ជិតអស់ពេលផ្នែកនយោបាយ” ខណៈដែលខ្លួននៅតែបន្តស្នើសុំដៃគូ របស់ខ្លួនសម្រាប់យន្តហោះ F-16 ដែលរចនាដោយសហរដ្ឋអាមេរិក។
របាយការណ៍បាននិយាយថា លោក ហ្សេលេនស្គី ទំនងជាចង់ទទួលបានយន្តហោះ ជាច្រើនតាមដែលអាចធ្វើបាន មុនពេលការបោះឆ្នោតនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក “អាចនាំមកនូវការផ្លាស់ប្តូរបេះដូងនៅក្នុង រដ្ឋាភិបាលដែលបានសន្យានឹង ផ្តល់យន្តហោះចម្បាំងមកឱ្យខ្លួន” ។
សម្ព័ន្ធអន្តរជាតិដើម្បីជួយទីក្រុងគៀវ ទិញយន្តហោះចម្បាំង F-16 និងបណ្តុះបណ្តាលអ្នកបើកយន្តហោះ អ៊ុយក្រែនត្រូវបានប្រកាសជាលើកដំបូង ដោយចក្រភពអង់គ្លេស និងហូឡង់ក្នុងខែឧសភា ដោយមានប្រទេសសរុបចំនួន ១១ បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនមិនរំពឹងថា នឹងទទួលបានយន្តហោះចម្បាំងដំបូងគេ ដែលបានសន្យារហូតដល់ឆ្នាំ ២០២៤នោះទេ ។
ខណៈពេលដែលរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់សញ្ញាថា ខ្លួននឹងអនុញ្ញាតឱ្យដាណឺម៉ាក ន័រវេស និងហូឡង់ បញ្ជូនយន្តហោះចម្បាំង F-16 របស់ពួកគេទៅកាន់អ៊ុយក្រែននោះ ប្រធានាធិបតីថ្មីអាចផ្លាស់ប្តូរ គោលនយោបាយនេះ ប្រសិនបើការដឹកជញ្ជូនមិនទាន់ត្រូវបានបញ្ចប់, នេះបើយាម មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះ ម្នាក់បានប្រាប់កាសែត New York Times ៕
ប្រែសម្រួលៈ ណៃ តុលា