ព័ត៌មានអន្តរជាតិ

ក្រុមភេរវករចំនួន ៨នាក់ ត្រូវបានសម្លាប់នៅភាគនីរតី នៃប្រទេសប៉ាគីស្ថាន

Xinhua

ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងខេត្ត Balochistan នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់ក្រុមភេរវករចំនួន៨នាក់ នៅក្នុងប្រតិបត្តិការ ២ផ្សេងគ្នាកាលពីថ្ងៃសៅរ៍ ។

នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុក Washuk នៃខេត្ត ដោយធ្វើសកម្មភាពលើព័ត៌មានសម្ងាត់ ទាក់ទងនឹងវត្តមានភេរវករនៅក្នុងផ្ទះមួយ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេលវាយឆ្មក់នៅផ្ទះនោះដែរ ក្រុមភេរវករបានព្យាយាមរត់គេចខ្លួន ដោយបាញ់កាំភ្លើងតបតនឹងប៉ូលិសវិញ ដោយបានបង្កឱ្យមានការបាញ់ប្រហារគ្នា ដែលក្នុងនោះ ក្រុមភេរវករចំនួន៥នាក់ត្រូវបានសម្លាប់ និង២នាក់បានរត់គេចខ្លួន ។

សេចក្តីថ្លែងការណ៍បានដាក់ទៀតថា ប៉ូលិសក៏បានដកហូតអាវុធ និងគ្រាប់រំសេវពីបរិវេណដែលក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម ហៅកាត់ (IS) កំពុងរៀបចំផែនការវាយប្រហារ មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ។

នាយកដ្ឋានខាងលើ បានចាប់ផ្តើមប្រតិបត្តិការ ស្វែងរកមួយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារដើម្បីចាប់ខ្លួន ពួកសកម្មប្រយុទ្ធដែលរត់គេចខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top