ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ហើយថា ក្រុងមូស្គូ ត្រៀមខ្លួនជាស្រេច ដើម្បីស្តារកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ​បើការទាមទារ របស់ខ្លួនត្រូវបានបំពេញ

ប្រភព៖ AFP

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូ នឹងត្រលប់ទៅកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញភ្លាមៗ នៅពេលដែលតម្រូវការ របស់ខ្លួនត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីតួកគីលោក Recep Tayyip Erdogan នៅប្រទេសរុស្ស៊ីថា “យើងនឹងត្រៀមខ្លួន ជាស្រេច ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិឡើងវិញ ហើយយើងនឹងធ្វើវាឱ្យបានឆាប់ នៅពេលដែលការ រឹតបន្តឹងទាំងអស់លើការ នាំចេញ ផលិតផលកសិកម្ម របស់រុស្ស៊ី ត្រូវបានដកចេញ”។ ​

លោក ពូទីន បានលើកឡើងថា ការប្រមូលផល គ្រាប់ធញ្ញជាតិរបស់រុស្ស៊ី អាចឈានដល់ ១៣០ លានតោននៅឆ្នាំនេះ ហើយសក្តានុពល នាំចេញរបស់ប្រទេស នឹងនៅតែមាន ៦០ លានតោន។

លោកបានបន្ដថា ទីក្រុងម៉ូស្គូ មិនប្រឆាំងនឹងកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិនោះទេ ប៉ុន្តែបានព្រមានអ៊ុយក្រែន ប្រឆាំងនឹងការប្រើប្រាស់ច្រករបៀង នាំចេញគ្រាប់ធញ្ញជាតិ សម្រាប់គោលបំណងយោធា ។

ប្រធានាធិបតីតួកគីលោក Erdogan បានកត់សម្គាល់ថា តួកគី បាននឹងកំពុងធ្វើការលើកញ្ចប់សំណើថ្មីរួមគ្នា ជាមួយអង្គការសហប្រជាជាតិ។ លោក​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា ​សំណើ​នឹង​ជួយ​បន្ត​កិច្ច​ព្រម​ព្រៀង ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

មេដឹកនាំរុស្ស៊ីរូបនេះបានបានបន្ថែមទៀតថា ទីក្រុងម៉ូស្គូ នឹងបន្តការនាំចេញអាហារ និងជី ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្បៀងអាហារពិភពលោក។ លោកថា ប្រទេសរុស្ស៊ី តួកគី និងកាតា នឹងធ្វើការរួមគ្នា ដើម្បីផ្តល់គ្រាប់ធញ្ញជាតិរុស្ស៊ីចំនួន ១ លានតោនទៅកាន់ប្រទេស ដែលត្រូវការ។

លោក ពូទីន បានបន្ថែមថា គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកដល់ការ ដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ដោយបន្ថែមថា វាមិនគួរត្រូវបានចាត់ទុកថា ជាជម្រើសជំនួស ចំពោះកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិសមុទ្រខ្មៅនោះទេ ។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងថាមពល និងពាណិជ្ជកម្មទ្វេភាគី រួមទាំងការសាងសង់រួមគ្នានៃរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ផងដែរ។ លោក ពូទីន បានកត់សម្គាល់ថា អង្គភាពដំបូងរបស់រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។

ប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន និងសំណើបទឈប់បាញ់ជាសកល សំដៅសម្រេចបានដំណោះស្រាយ នយោបាយ ។ លោក ពូទីន បានថ្លែងអំណរ គុណ ចំពោះលោក Erdogan សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោក ហើយបានរំលឹកឡើងវិញថា ទីក្រុងម៉ូស្គូ នៅតែបើកចំហ សម្រាប់ការសន្ទនា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top