ស៊ីដនី ៖ សាស្ត្រាចារ្យ Jeffrey D. Sachs នៃសាកលវិទ្យាល័យ កូឡុំប៊ី បានព្រមានថា គោលនយោបាយមួយចំនួន របស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះគួរតែត្រូវបានបញ្ឈប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការវិភាគរបស់លោក ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយទស្សនាវដ្តី គោលនយោបាយសាធារណៈ Pearls and Irritations អ្នកសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា វិធានការសេដ្ឋកិច្ចប្រឆាំងចិន មួយចំនួនរបស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងជាគ្រោះថ្នាក់ដល់វិបុលភាពពិភពលោក ។
លោក Sachs បានសរសេរនៅក្នុងអត្ថបទថា “គោលនយោបាយ ប្រឆាំងចិន ចេញមកពីសៀវភៅហ្គេម ដែលធ្លាប់ស្គាល់ នៃការបង្កើតគោលនយោបាយ របស់សហរដ្ឋអាមេរិក ។ គោលបំណង គឺដើម្បីការពារការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីគូប្រជែងដ៏សំខាន់”។
លោកបានចង្អុលបង្ហាញថា មិនដូចប្រទេសជប៉ុន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់ខ្លួន ហើយដូច្នេះបានធ្វើតាមការទាមទារ របស់សហរដ្ឋអាមេរិក ប្រទេសចិន មានកន្លែងកាន់តែច្រើន សម្រាប់ការធ្វើសមយុទ្ធ ចំពោះមុខរបបគាំពារ និយម របស់សហរដ្ឋអាមេរិក។
លោក Sachs បានកត់សម្គាល់ថា “ខ្ញុំជឿជាក់ថា ប្រទេសចិន អាចបង្កើនការនាំចេញ របស់ខ្លួនទៅកាន់តំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន បានយ៉ាងច្រើន តាមរយៈគោលនយោបាយ ដូចជាការពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ។
លោកបានបន្ថែមថា “ការវាយតម្លៃ របស់ខ្ញុំគឺថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ប្រទេសចិន មិនត្រឹមតែជាគោលការណ៍ ខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅ បរាជ័យក្នុងការអនុវត្ត” ៕
ប្រែសម្រួល ឈូក បូរ៉ា