ព័ត៌មានអន្តរជាតិ

UN៖ ពលរដ្ឋប្រហែល៤,៨លាននាក់ផ្លាស់ទីលំនៅ ដោយសារជម្លោះ កើតឡើងនៅស៊ូដង់

រូបភាពពី៖​ AFP

KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA)បានឲ្យដឹងថា ពលរដ្ឋប្រហែល ៤,៨លាននាក់ត្រូវបានផ្លាស់ទីលំទាំងនៅខាងក្នុង និងក្រៅប្រទេសស៊ូដង់ ដោយសារជម្លោះកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ចាប់តាំងពីពាក់កណ្តាលខែមេសាមកដល់ពេលនេះ ។

អង្គការ OCHA បានឲ្យដឹងនៅក្នុងការកែសម្រួលព័ត៌មានចុងក្រោយរបស់ខ្លួនថា ពលរដ្ឋប្រហែល១លាននាក់បានឆ្លងចូលទៅក្នុងប្រទេសជិតខាង ដោយបានកត់សម្គាល់ឃើញថា យ៉ាងហោចណាស់មានកុមារចំនួន២លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីជម្លោះនៅក្នុងប្រទេសស៊ូដង់ បានផ្ទុះឡើងកាលពីជាង៤ខែមុន ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃចន្ទ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) បានអំពាវនាវរកប្រាក់១ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយ និងការការពារសំខាន់ៗដល់ពលរដ្ឋជាង១,៨លាននាក់ ដែលរំពឹងថា នឹងទៅដល់ប្រទេសជិតខាងចំនួន៥នៅចុងឆ្នាំ២០២៣នេះដើម្បីគេចចេញពីជម្លោះដែលកំពុងបន្តកើតមានឡើងនៅក្នុងប្រទេសស៊ូដង់ ។

ឧត្តមស្នងការ UNHCR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការកើនឡើងទ្វេរដងនៃអ្វីដែលត្រូវបានប៉ាន់ប្រមាណដំបូងនៅក្នុងខែឧសភា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ” ។

ឧត្តមស្នងការខាងលើបានឲ្យដឹងទៀតថា ជនភៀសខ្លួន អ្នកធ្វើមាតុភូមិនិវត្តន៍ និងជនជាតិទី៣ជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេសនេះរួចហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top