ញូវដេលី៖ អវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅចុងសប្តាហ៍នេះ បានធ្វើឱ្យក្តីសង្ឃឹម សម្រាប់ការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅពេលណាមួយឆាប់ៗនេះនឹងត្រូវខកខាន បើទោះបីជានាឡិកាកំពុងកំណត់ សម្រាប់គូប្រជែងទាំងពីរ ដើម្បីធ្វើការចរចាណាមួយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ក៏ដោយ។
ឥឡូវនេះប្រទេសទាំងពីរត្រូវបានគេជឿថា កំពុងស្វែងរកជំនួបកំពូលរវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅក្រៅកិច្ចប្រជុំកំពូល APEC នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿថា មេដឹកនាំទាំងពីរទំនងជាមិនអាចសម្រេចបាននូវរបកគំហើញនោះទេ ខណៈពេលដែលយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យសម្បទានពីទីក្រុងវ៉ាស៊ីនតោន កាន់តែពិបាក។
មុនពេលកិច្ចប្រជុំកំពូល G-20 នៅទីក្រុងញូវដេលី មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken រដ្ឋមន្ត្រីក្រសួងរតនាគារ Janet Yellen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បានពិភាក្សាជាមួយសមភាគីចិន ក្នុងអំឡុងពេលទស្សនកិច្ចនាពេលថ្មីៗនេះនៅប្រទេសចិន ជាមួយនឹងគោលដៅជំរុញការទំនាក់ទំនងបើកចំហ និងកាត់បន្ថយហានិភ័យនៃការបកស្រាយខុស។
ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង ភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើបញ្ហាជាច្រើនដូចជាតៃវ៉ាន់ និងជម្លោះពាណិជ្ជកម្ម ជាពិសេសវិធានការត្រួតពិនិត្យការនាំចេញ លើវត្ថុដែលទាក់ទងនឹង semiconductors ។
លោក Bruce Dickson សាស្ត្រាចារ្យជំនាញផ្នែកនយោបាយចិន នៅសកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីសហរដ្ឋអាមេរិក បានឲ្យដឹងថា អវត្តមានរបស់លោក ស៊ី គឺជា “ឱកាសមួយរបស់ប្រទេសចិន” ដែលជាសន្ទុះ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានបង្កើតឡើងតាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីសហរដ្ឋអាមេរិកនឹងមិន អាចបន្ត។
លោកសាស្ត្រាចារ្យបានលើកឡើងថា វានៅតែអាចទៅរួច សម្រាប់លោក ស៊ី និងលោក បៃដិន ដើម្បីជួបប្រជុំគ្នានៅលើជ្រុងមួយ នៃកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានមើលឃើញពីវឌ្ឍនភាពពិតប្រាកដក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងនោះទេ ដោយថា “ឱកាសដែលពួកគេនឹងកាន់តែប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខមានកម្រិតទាប”៕ ប្រែសម្រួល ឈូក បូរ៉ា
