គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន ដែលបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ “មានប្រសិទ្ធភាព” ហើយការវាយប្រហារនឹងបន្តរហូតដល់កងកម្លាំងរុស្ស៊ីដកចេញ។
លោក Podolyak ក៏បានបដិសេធនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ថាការចរចាបទឈប់បាញ់ស្ថិតនៅក្នុងរបៀបវារៈដោយបញ្ជាក់ថាកិច្ចពិភាក្សាបែបនេះនឹងមានន័យថា “ចុះចាញ់ សម្រាប់អ៊ុយក្រែន”។
ថ្វីបើមានការខ្វះខាតការត្រួតត្រាលើអាកាស គ្រាប់រំសេវ និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយក៏ដោយ ក៏យោធាអ៊ុយក្រែន បានទម្លុះខ្សែការពារដំបូង ដែលសាងសង់ដោយកងកម្លាំងរុស្ស៊ី ហើយកំពុងឈានទៅមុខជាលំដាប់ ដោយមានការពន្យារពេលណាមួយដោយសារតែល្បឿននៃការផ្គត់ផ្គង់អាវុធពីលោកខាងលិច។
លោក Podolyak ក៏បានប៉ាន់ស្មានថា ការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី លើអាកាសយានដ្ឋាន និងគោលដៅផ្សេងទៀតដោយក្រុមប្រឆាំងរដ្ឋាភិបាល នឹងកើនឡើងតែប៉ុណ្ណោះ។
លោក Podolyak បានលើកឡើងថា ប្រទេសលោកខាងលិច បានមកទទួលយកការវាយប្រហារតបតរបស់អ៊ុយក្រែន នៅលើឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤ បើទោះបីជាមានការព្រួយបារម្ភដំបូងថា ពួកគេនឹងធ្វើឱ្យភាពតានតឹងកើនឡើងក៏ដោយ។
លោកបានបន្ដថា នៅពេលដែលរុស្ស៊ីបានធ្វើយោធាលើឧបទ្វីប ហើយកំពុងប្រើប្រាស់វា ដើម្បីផ្គត់ផ្គង់ឡើងវិញ “យើងនឹងបំផ្លាញរាល់កន្លែង ដែលទាក់ទងនឹងយោធានៅឧបទ្វីបគ្រីមៀ ដើម្បីកាត់បន្ថយការប្រយុទ្ធជួរមុខ” ។
លោក Podolyak បានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ុយក្រែន គឺមិនមែនដើម្បីជំរុញកងទ័ពទៅកាន់ព្រំដែន ដែលបានគូសនៅឆ្នាំ១៩៩១ បន្ទាប់ពីប្រទេសនេះ បានប្រកាសឯករាជ្យពីសហភាពសូវៀតនោះទេ ប៉ុន្តែដើម្បី “រំខានដល់សមរភូមិរុស្ស៊ី និងបង្ខំពួកគេឱ្យដកខ្លួនចេញពីទឹកដីអ៊ុយក្រែន”៕ ប្រែសម្រួល ឈូក បូរ៉ា
