ញូវដេលី៖ ក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនៅថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដោយមានការព្រួយ បារម្ភកើនឡើងថា មេដឹកនាំដែលចូលរួមអាច នឹងបរាជ័យក្នុងការឈាន ដល់ការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួម មួយដោយសារតែការបែកបាក់គ្នាជុំវិញ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
ក្នុងនាមជាប្រធាន G-20 បច្ចុប្បន្ន ឥណ្ឌា បានផ្តល់អាទិភាពដល់ការរក្សា ទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ហើយប្រភពការទូតបានណែនាំ នាយករដ្ឋមន្ត្រីលោក ណារិនដ្រា មូឌី ដោយមិនគិតពីទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ប្រហែលជាមិនសូវមានទំនោរក្នុងការជំរុញឱ្យមាន សេចក្តីថ្លែងការណ៍រួមនោះទេ។
របៀបវារៈនេះនឹងគ្របដណ្តប់ លើបញ្ហាសកលសំខាន់ៗដូចជាថាមពល និងសន្តិសុខស្បៀង ដែលរងផលប៉ះពាល់ ដោយសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ក៏ដូចជាយុទ្ធសាស្រ្តក្នុងការជំរុញ សេដ្ឋកិច្ចពិភពលោក ដែលបង្អាក់ដោយការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងគោលបំណងទប់ស្កាត់អតិផរណាខ្ពស់។
ប្រភពបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងក្រុមសេដ្ឋកិច្ចធំៗចំនួន ៧ផ្សេងទៀតក៏បានខ្នះខ្នែង ក្នុងការធានាការរួបរួម G-20 លើការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែឥណ្ឌា និងចិន អាចនឹងបញ្ចេញសំឡេងប្រឆាំង ក្នុងនាមជាប្រទេស ដែលមានប្រជាជនច្រើនជាងគេលើ ពិភពលោកនាំចូលធនធានធម្មជាតិពីប្រទេសរុស្ស៊ី ។
លោក ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានរំលងកិច្ចប្រជុំកំពូល G-20 ខណៈដែលមេដឹកនាំរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែឧសភា បានចូលរួម៕
ប្រែសម្រួល ឈូក បូរ៉ា
