ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល ចេញមុខធានាថា ដរាបណាលោកនៅជាប្រធានាធិបតី លោក ពូទីន អាចធ្វើដំណើរមកប្រេស៊ីល បានដោយមិនខ្លាចការចាប់ឃុំខ្លួនពី ICC

AFP

បរទេស៖ លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បាននិយាយថា ប្រទេសប្រេស៊ីលនឹងមិនអើពើនឹងដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបន្ថែមថា លោក ពូទីន គឺអាចធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដោយមិនខ្លាចការចាប់ឃុំខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lula បានប្រាប់គេហទំព័រឥណ្ឌា Firstpost នៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងញូវដេលីថា “ខ្ញុំជឿថា លោក ពូទីនអាចទៅប្រេស៊ីលបានយ៉ាងងាយស្រួល។ អ្វីដែលខ្ញុំអាចនិយាយទៅកាន់អ្នកបាននោះគឺថា ប្រសិនបើខ្ញុំជាប្រធានាធិបតីប្រេស៊ីល ហើយគាត់ (លោក ពូទីន) មកប្រទេសប្រេស៊ីល នោះគឺថា វាគ្មានផ្លូវដែលគាត់នឹងត្រូវចាប់ខ្លួននោះទេ។

នៅខែមីនាឆ្នាំ២០២៣ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាឱ្យលោកពូទីន និងលោកស្រី Maria Lvova-Belova ស្នងការសិទ្ធិកុមាររបស់ប្រទេសរុស្ស៊ី សម្រាប់ការចោទប្រកាន់ថា បាននិរទេសនិងផ្ទេរកុមារដោយខុសច្បាប់” ។

ទីក្រុងមូស្គូមិនទទួលស្គាល់សិទ្ធិអំណាចរបស់ ICC ហើយបានបដិសេធការចោទប្រកាន់នេះ ដោយទទូចថា ខ្លួនកំពុងជម្លៀសកុមារទៅកាន់ទីទួលសុវត្ថិភាពក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។ យ៉ាងណាក៏ដោយ លោកពូទីននៅទីបំផុតបានជ្រើសរើសមិនធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង ដែលជាភាគីរបស់តុលាការ ICC សម្រាប់កិច្ចប្រជុំកំពូល BRICS ក្នុងខែសីហា ឡើយ ដោយជ្រើសរើសនៃការចូលរួមក្នុងព្រឹត្តិការណ៍នេះពីចម្ងាយជំនួសវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top