ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា ភាពជាអ្នកជិតខាងល្អ រវាងរុស្ស៊ី កូរ៉េខាងជើង នឹង​ជួយជំរុញ សន្តិភាពក្នុងតំបន់

ប្រភព៖ AFP

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ឲ្យដឹងនៅ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើងថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង​ នឹងខិតខំពង្រឹងទំនាក់ទំនងល្អ ជាអ្នកជិតខាង និងលើកកម្ពស់សន្តិភាពក្នុងតំបន់។

នៅ​ក្នុងតំបន់ Amur នៃចុងបូព៌ារបស់រុស្ស៊ី ភាគីទាំងពីរបានជួបប្រជុំគ្នា ក្នុងទម្រង់ពង្រីក ដែលត្រូវបានចូលរួម ដោយគណៈប្រតិភូទាំងពីរ និងមានរយៈពេលប្រហែលមួយម៉ោងកន្លះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានជួបមុខគ្នា ហើយភាគីទាំងពីរ បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។

វិមានក្រឹមឡាំងបានឲ្យដឹងដោយដកស្រង់សម្តីលោក ពូទីន ក្នុងកិច្ចពិភាក្សាថា “កិច្ចប្រជុំរបស់យើង កំពុងប្រព្រឹត្តទៅនៅម៉ោងពិសេស” ។ មេដឹកនាំរុស្ស៊ី បានកត់សម្គាល់ថា កូរ៉េខាងជើង “ថ្មីៗនេះបានប្រារព្ធខួបលើកទី៧៥ នៃការបង្កើតរបស់ខ្លួន ហើយយើងបានបង្កើតទំនាក់ទំនងការទូតកាលពី ៧៥ឆ្នាំមុន” ។

លោក ពូទីន បានរំលឹកថា សហភាពសូវៀត គឺជាអ្នកដំបូងគេ ដែលទទួលស្គាល់អធិបតេយ្យភាព និងឯករាជ្យរបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងក្នុងអំឡុង ពេលអាហារថ្ងៃត្រង់រវាងមេដឹកនាំទាំងពីរថា “យើងប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងអ្នកជិតខាងល្អ” ដោយបន្ថែមថា ប្រទេសទាំងពីរ នឹងធ្វើសកម្មភាពក្នុង នាមសន្តិភាព ស្ថិរភាព និងវិបុលភាព។

ចំណែកលោក គីម ក៏បានកត់សម្គាល់ផងដែរថា ដំណើរទស្សនៈកិច្ច របស់លោក កំពុងធ្វើឡើងនៅពេលមាន ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា នៅលើឆាកអន្តរជាតិ ការប្រឈមមុខដាក់គ្នារវាងវឌ្ឍនភាព និងប្រតិកម្ម យុត្តិធម៌ និងអយុត្តិធម៌ និងចំពេលពិភពលោកពហុប៉ូលថ្មី ដែលកំពុងលេចចេញជារូបរាង ។

លោកបានបន្ដថា លោកបានពិភាក្សាអំពីស្ថានភាពយោធា-នយោបាយ នៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុបជាមួយសមភាគីរុស្ស៊ី ដោយបន្ថែមថា ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top