ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា នឹងមិនបន្តការអនុវត្ត JCPOA ឡើងវិញពេញលេញនោះទេ លុះត្រាតែទណ្ឌកម្មទាំងអស់ ត្រូវបានដកចេញ

រូបភាពពី៖​ AFP

តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោក នឹងមិនអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងតេអេរ៉ង់ មិនត្រូវបានដកចេញទាំងស្រុង ហើយភាគីផ្សេងទៀត មិនគោរពកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះ។

ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលបានរៀបរាប់លម្អិតអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ ​

លោកបានលើកឡើងថា ក្រុមប្រទេស E3 រួមមានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ មិនអាចរំពឹងថា អ៊ីរ៉ង់នឹងអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរទាំងស្រុង ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នោះទេ ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ កំពុងបំពេញកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះទេ។

លោកបានកត់សម្គាល់ថា វិធានការនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងត្រូវបានអនុវត្តដោយផ្អែកលើច្បាប់ ដែលអនុម័តដោយសភាអ៊ីរ៉ង់ក្នុងឆ្នាំ២០២០ ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រទេសនេះនឹងបន្តនិន្នាការដូចគ្នានៅពេលដែលទណ្ឌកម្មមិនត្រូវបានដកចេញទាំងស្រុង។

ច្បាប់របស់សភាបានកំណត់ឱ្យរដ្ឋាភិបាលដាក់កម្រិតលើការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយ IAEA និងពន្លឿនការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលើសពីដែនកំណត់ដែលបានកំណត់ក្រោម JCPOA ។

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់ AEOI ជាមួយ IAEA ក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងការពារនោះ លោក Eslami បានលើកឡើងថា អ៊ីរ៉ង់បានផ្តល់ការពន្យល់ចាំបាច់ និងបានបញ្ជូនឯកសារជាច្រើនទៅកាន់ទីភ្នាក់ងារក្នុងអំឡុងពេលចរចា ដោយសង្កត់ធ្ងន់លើករណីលេចធ្លោ និងបញ្ហានៃភាពខុសគ្នារវាងភាគីទាំងពីរត្រូវបានកាត់បន្ថយ​ ពីបួនទៅពីរ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់កម្រិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការសន្យានុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top