ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខ​ កំពូលអាមេរិក​ និងអ្នកការទូតកំពូលចិន ជួបពិភាក្សាគ្នានៅម៉ាល់តា

ប្រភព ៖Kyodo

វ៉ាស៊ីនតោន ៖ ប្រភពពីរដ្ឋាភិបាល ឲ្យដឹង​ថា ទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងអ្នកការទូតលំដាប់ខ្ពស់បំផុត របស់ប្រទេសចិន បានធ្វើការពិភាក្សាជាច្រើនម៉ោង “ដោយស្មោះត្រង់ សំខាន់ និងស្ថាបនា” នៅចុងសប្តាហ៍នៅប្រទេសម៉ាល់តា ​ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ។

សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan និងលោក វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ទទួលបន្ទុកកិច្ចការបរទេស បានព្រមព្រៀងគ្នា “រក្សាបណ្តាញទំនាក់ទំនង យុទ្ធសាស្ត្រនេះ និងបន្តការចូលរួម និងការពិគ្រោះយោបល់ កម្រិតខ្ពស់បន្ថែមទៀត នៅក្នុងវិស័យសំខាន់ៗ​រវាង ប្រទេសទាំងពីរ ​ក្នុងប៉ុន្មានខែខាងមុខ”។

ដោយមិននិយាយលម្អិត សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតំណាងបានពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងបញ្ហា ដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងចិន កិច្ចការសន្តិសុខក្នុងតំបន់ និងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

វាបានបន្ថែមថា Sullivan បានកត់សម្គាល់ “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ដែលប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធា ដោយអះអាងថា កោះដែលគ្រប់គ្រងដោយខ្លួនឯង គឺជាផ្នែកនៃទឹកដីរបស់ខ្លួន។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសចិនបានឲ្យដឹងថា លោក វ៉ាង យី បានព្រមានថា សំណួរតៃវ៉ាន់ គឺជា “បន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់” នៅក្នុងទំនាក់ទំនងរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមការលើកឡើង របស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកបៃដិន បានឲ្យដឹងថា ទាំងលោក Sullivan និងលោក វ៉ាង​ យី ដែលជារដ្ឋមន្ត្រីការបរទេសពីរដង បានចំណាយពេលប្រហែល ១២ ម៉ោងជាមួយគ្នាក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃសៅរ៍នៅក្នុងប្រទេសកោះមេឌីទែរ៉ាណេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top