ព័ត៌មានអន្តរជាតិ

បាត់ខ្លួន ៣នាក់ នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ ១គ្រឿងនៅតួកគី

Xinhua

អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា មនុស្សចំនួន៣នាក់កំពុងបាត់ខ្លួន ហើយមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ ១គ្រឿង បានធ្លាក់ ខណៈកំពុងពន្លត់ភ្លើងឆេះព្រៃ នៅទីក្រុងកំពង់ផែ Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។

ដកស្រង់សម្តីរបស់លោក Ibrahim Yumakli រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍ ហើយផ្សព្វផ្សាយដោយទូរទស្សន៍ NTV បានឲ្យដឹងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Menderes នៅវេលាម៉ោង ១១និង៥៣នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង៥៣នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។
លោក Yumakli បានលើកឡើងថា ឧទ្ធម្ភាគចក្របានបុកចូលទៅក្នុងទំនប់ Tahtali ដែលវាកំពុងនាំយកទឹក ។

ទូរទស្សន៍ NTV បានផ្សាយថា អ្នកបើកយន្តហោះម្នាក់ដែលមានសញ្ជាតិ គីហ្សាក់ស្ថានត្រូវបានជួយសង្គ្រោះ បន្ទាប់ពីធ្លាក់យន្តហោះ ប៉ុន្តែប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងស្វែងរកអ្នកបើកយន្តហោះ២នាក់ផ្សេងទៀត និងវិស្វករម្នាក់នៅលើយន្តហោះនោះ ។

ឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលមានចក្ខុវិស័យពេលយប់កំពុងបំពេញកាតព្វកិច្ចពន្លត់ភ្លើងដែលកំពុងឆាបឆេះ ។

នៅមុននេះ ក្រសួងការពារជាតិបានឲ្យដឹង នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter ថា ឧទ្ធម្ភាគចក្រប្រភេទ AS-532 ចំនួន២គ្រឿងរបស់បញ្ជាការ កងកម្លាំងជើងគោកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ពន្លត់អគ្គីភ័យនៅទីក្រុង Menderes ។ គេមិនទាន់ដឹងច្បាស់ ថាតើ ឧទ្ធម្ភាគចក្រដែលធ្លាក់នោះជា របស់អង្គភាពណាមួយ នៅក្នុងចំណោមនោះឬយ៉ាងណានោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top