អូតាវ៉ា៖ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣ លានដុល្លារកាណាដា (២៤,៤ លានដុល្លារ) ដល់ភាពជាដៃគូអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា ដល់ភាពជាដៃគូ ដែលកំពុងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចការពារដែនអាកាសរយៈចម្ងាយខ្លី និងមធ្យមរាប់រយ និងប្រព័ន្ធពាក់ព័ន្ធដែលត្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែន” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា វិភាគទាននេះនឹងជាផ្នែកមួយនៃមូលនិធិចំនួន ៥០០លានដុល្លារ ដែលបានប្រកាសកាលពីខែមិថុនា ដោយនាយករដ្ឋមន្ត្រីលោក Justin Trudeau ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ភាពជាដៃគូត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ដោយប្រទេសមួយចំនួន រួមមាន ដាណឺម៉ាក ហូឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីផ្តល់មីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន។
សម្ព័ន្ធមិត្តលោកខាងលិច បានចាប់ផ្តើមចាក់សព្វាវុធ និងគ្រាប់រំសេវចូលទៅក្នុងអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសក្នុងខែកុម្ភៈឆ្នាំ២០២២។ វិមានក្រឹមឡាំង បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការកើនឡើងបន្ថែមទៀត ដែលនាំទៅដល់ការចូលរួមដោយផ្ទាល់របស់ណាតូនៅក្នុងជម្លោះ៕ ប្រែសម្រួល ឈូក បូរ៉ា