ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នៅចំពោះមុខការកើនឡើងនៃលទ្ធិឯកតោភាគី អនុត្តរភាព និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ប្រទេសចិន និងរុស្ស៊ីគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ដោយលោកបានធ្វើការកត់សម្គាល់ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។
លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផងដែរនោះ បានឲ្យដឹងថា ប្រទេសទាំងពីរក៏គួរតែធ្វើតាមនិន្នាការនៃសម័យកាល ទំនួលខុសត្រូវក្នុងឋានៈជាប្រទេសធំៗ និងបំពេញកាតព្វកិច្ចអន្តរជាតិតាមតម្រូវការ។
លោកក៏បានអំពាវនាវឱ្យភាគីទាំងពីរលើកកម្ពស់ពហុប៉ូលក្នុងពិភពលោក និងជំរុញការអភិវឌ្ឍន៍អភិបាលកិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមធម៌ជាងមុន តាមរយៈការពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ។
លោក វ៉ាង យី បានលើកឡើងថា ក្នុងនាមជាប្រទេសធំៗក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកថា ប្រទេសចិន និងរុស្ស៊ី មានទំនួលខុសត្រូវសំខាន់ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងការលើកកម្ពស់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។
លោក បន្ដថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ី បានរក្សាសន្ទុះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរវប្បធម៌ចម្រុះពណ៌ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃការផ្លាស់ប្តូរបុគ្គលិក។
លោកបន្ថែមថា ទំនាក់ទំនងចិន-រុស្ស៊ី ដែលមានទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អជាអចិន្ត្រៃយ៍ ការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍន៍ និងការរស់ឡើងវិញនៃប្រទេសទាំងពីរ និងនាំមកនូវផលប្រយោជន៍សំខាន់ៗ សម្រាប់ប្រជាជនទាំងពីរ។
សម្រាប់ផ្នែករបស់លោក លោក Lavrov បានលើកឡើងថា កាលពីខែមីនា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសរុស្ស៊ី និងបានជួបប្រជុំដ៏សំខាន់មួយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានកំណត់ទិសដៅ សម្រាប់អនាគតនៃទំនាក់ទំនងរុស្ស៊ី-ចិន៕ ប្រែសម្រួល ឈូក បូរ៉ា