ព័ត៌មានអន្តរជាតិ

គិតត្រឹមពាក់កណ្តាល ខែកញ្ញានេះ ថៃឡង់ដ៏ ទទួលបានភ្ញៀវទេសចរបរទេស ចូលទស្សនាមាន រហូតដល់ជាង១៩លាននាក់

ប្រភព ៖Xinhua

បាងកក ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសថៃឡង់ដ៏ បានទទួលភ្ញៀវទេសចរ បរទេសជាង១៩លាននាក់ នៅចន្លោះខែមករា និងពាក់កណ្តាលខែកញ្ញានេះ ដែលតំណាងឱ្យការកើនឡើង ២៧១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និង កីឡា បានឲ្យដឹងថា គិតត្រឹមសប្តាហ៍មុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានជាង៧៩៥ពាន់លានបាត ស្មើនឹងប្រហែល២២.០៨ ពាន់លានដុល្លារដែលបានមកពីភ្ញៀវបរទេសដែលភាគច្រើនមកពីម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននៃការមកដល់របស់ភ្ញៀវ ទេសចរបានបង្ហាញពីសញ្ញា នៃភាពប្រសើរឡើងនៅក្នុង សប្តាហ៍នេះ ដោយសារតែថ្ងៃចុងសប្តាហ៍ ដ៏វែងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន និងការកើនឡើងចំនួនភ្ញៀវ មកពីបណ្តាប្រទេសដែលមានចម្ងាយ ផ្លូវខ្លីនៅក្នុងទីផ្សារអាស៊ី ។

គិតចាប់ពីថ្ងៃចន្ទខាងមុខ ប្រទេសថៃឡង់ដ៏ នឹងផ្តល់ការលើកលែងទិដ្ឋាការទេសចរណ៍បណ្តោះអាសន្ន ដល់អ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសចិន និងកាហ្សាក់ស្ថានរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ ដ៏សំខាន់របស់ខ្លួនក្នុងរដូវកាលនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា លោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងដោយឡែកថា គម្រោងការចូលដោយគ្មានទិដ្ឋាការ ត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យវិស័យទេសចរណ៍ របស់ប្រទេសថៃឡង់ដ៏ មានភាពរស់រវើកឡើងវិញ និងសម្រេចបាននូវគោលដៅ ពេញមួយឆ្នាំពី២៥លានទៅ៣០លាននាក់ ដែលមានចំណូលពី២,៣៨ពាន់ពាន់លានបាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top