ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី Quad ជំរុញសមាជិកអង្គការ សហប្រជាជាតិ កុំឲ្យធ្វើពាណិជ្ជកម្ មអាវុធជាមួយកូរ៉េខាងជើង

រូបភាពពី៖​ Kyodo

ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌាកាលពីថ្ងៃសុក្រ បានជំរុញសមាជិកអង្គការសហប្រជាជាតិទាំងអស់កុំឱ្យធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង ដោយសារតែទីក្រុងព្យុងយ៉ាង កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។

នៅក្នុងកិច្ចពិភាក្សារបស់ពួកគេនៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីមកពីក្រុមប្រទេស ៤ផ្លូវ ដែលគេស្គាល់ថា Quad ក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ពួកគេអំពី “ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។

រដ្ឋមន្ត្រីបានចែករំលែកទស្សនៈថា ប្រទេសរបស់ពួកគេនឹងប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដោយកម្លាំង ជាក់ស្តែងជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងការអះអាងដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងចិត្ត។

លោកស្រី Yoko Kamikawa ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងរបស់ប្រទេសជប៉ុនក្នុងរយៈពេលប្រហែលពីរទសវត្សរ៍ក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែកញ្ញាបានចូលរួមក្នុងការប្រមូលផ្តុំ Quad ជាលើកដំបូង ដោយលោកស្រីបានជំនួសលោក Yoshimasa Hayashi ដែលជារឿយៗត្រូវបានគេមើលឃើញថាកាន់ជំហរគាំទ្រចិន។

លោកស្រី Kamikawa បានបញ្ជាក់ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី Quad នឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសរួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថា “យើងគាំទ្រយ៉ាងខ្លាំងចំពោះគោលការណ៍សេរីភាព នីតិរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី” ក៏ដូចជាប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top