ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង សាទរដល់មេដឹកនាំ គីម ជុងអ៊ុន ដោយទទួលបានជោគជ័យ ក្នុងពេលបំពេញទស្សនកិច្ចនៅរុស្ស៊ី

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា លទ្ធផលទទួលបានពីគណបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានបើកកិច្ចប្រជុំការិយាល័យនយោបាយមួយកាលពីថ្ងៃពុធ ដោយសាទរចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ថាទទួលបានជោគជ័យតាមការចង់បាន ។

នៅក្នុងរបាយការណ៍សម្រាប់កិច្ចប្រជុំការិយាល័យនយោបាយ លោក Kim Song Nam ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ហៅកាត់ (WPK) បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក គីម អគ្គលេខាធិការ WPK និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង គឺ “បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ឈានដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយ” ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា របាយការណ៍ក៏បានបង្ហាញអំពីផែនការរយៈពេលវែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ផងដែរ ។

មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំអំពីភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ថា “ការពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យគ្រប់ជ្រុងជ្រោយ ហើយដូច្នេះចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន” ។

ទីភ្នាក់ងារ KCNA បានចុះផ្សាយថា នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ (លោក គីម) ទៅកាន់ប្រទេសរុស្ស៊ី គិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែកញ្ញានេះ លោក គីម បានជួបជាមួយលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងអំឡុងពេលដែលមេដឹកនាំទាំង២បានឈានដល់កិច្ចព្រមព្រៀង និងឯកភាពលើការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top