ព័ត៌មានអន្តរជាតិ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចុះ MOU បង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រីជាមួយគ្នា

រូបភាពពី៖​ VN Express

បរទេស៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី។

យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា MOU ដែលចុះហត្ថលេខាដោយប្រធានក្រុងហូជីមិញ លោក ផាន់ វ៉ាន់ ម៉ៃ និងអភិបាលក្រុង New York លោក អេរិក អាដាំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ និងជួយទីក្រុង ហូជីមិញ ក្នុងគោលដៅក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។

ការចុះហត្ថលេខានេះ បានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ (២១ ខែកញ្ញា) នៅចំពោះមុខលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសាទរចំពោះ MOU ជាភស្តុតាងនៃទំនាក់ទំនងរីកចម្រើនរវាងវៀតណាម និងអាមេរិក។

ភាពជាដៃគូរវាងទីក្រុងហូជីមិញ និងទីក្រុងញូវយ៉ក នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការអប់រំ និងបរិស្ថាន។

អភិបាលក្រុង ញូវយ៉ក លោក អេរិក អាដាំ បានចែករំលែកអនុស្សាវរីយ៍អំពីប្រទេសវៀតណាមពីដំណើរទស្សនកិច្ចលើកមុន ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងញូវយ៉កក្នុងការជួយដល់ការអភិវឌ្ឍន៍របស់ទីក្រុង ហូជីមិញ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រឹងមាំក្នុងតំបន់ និងអន្តរជាតិ។

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាមបានធានាថា វៀតណាមនឹងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគអាមេរិក ជាពិសេសអ្នកមកពីទីក្រុងញូវយ៉ក ដែលមានបំណងចង់វិនិយោគនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ននេះ មាននិស្សិតវៀតណាមជាង ១.៥០០ នាក់ដែលកំពុងសិក្សា និងធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យនានាក្នុងទីក្រុងញូវយ៉ក ដោយបានគូសបញ្ជាក់ពីសក្ដានុពលសម្រាប់ការផ្លាស់ប្តូរការអប់រំ និងវប្បធម៌រវាងទីក្រុងទាំងពីរ៕​ ប្រែសម្រួលៈ ណៃ តុលា

To Top