ព័ត៌មានអន្តរជាតិ

វៀតណាម​ កាត់ទោសប្រហារជីវិតមនុស្ស៤នាក់ ដែលជួញគ្រឿងញៀន១២គីឡូ ចេញពីកម្ពុជា ចូលមកវៀតណាម

រូបភាពពី៖​ VnExpress

បរទេស៖ មនុស្ស៤នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ពីបទដឹកជញ្ជូនគ្រឿងញៀន១២គីឡូក្រាម ចេញពីកម្ពុជា ចូលទៅប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈ្មោះ Vu Trong Nghia អាយុ ២៨ ឆ្នាំ និងគូស្នេហ៍ឈ្មោះ Tran Thi Trang អាយុ ៣១ ឆ្នាំ ដែលជាមេក្លោងត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការប្រជាជនទីក្រុង ហូជីមិញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការរក្សាទុកអាវុធយោធាខុសច្បាប់។

បក្ខពួករបស់ពួកគេគឺមានឈ្មោះ Pham Van Son និង ឈ្មោះ Nguyen Van Vui ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ ខណៈដែលបីនាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់គុកពី ៨ឆ្នាំទៅមួយជីវិតពីបទចោទប្រកាន់ដូចគ្នា។

រដ្ឋអាជ្ញាបាននិយាយថា ចំនួនពិតប្រាកដនៃគ្រឿងញៀនដែលត្រូវបានជួញដូរដោយទណ្ឌិតគឺពិតជាមានច្រើន។

សូមជម្រាបថា កាលពីខែតុលា ឆ្នាំ ២០១៨ ឈ្មោះ Nghia បានផ្លាស់ពីទីក្រុង Hai Phong ភាគខាងជើងទៅទីក្រុង ហូជីមិញ ។ ក្រោយមកគាត់បានស្គាល់ Trang ហើយអ្នកទាំងពីររស់នៅជាមួយគ្នា។ នៅពេលដែល Nghia ដឹងថា Trang ជួញដូរគ្រឿងញៀន ពួកគេបានពិភាក្សាគ្នាដើម្បីទិញគ្រឿងញៀនចំនួនច្រើនពីកម្ពុជា ដើម្បីលក់បន្តនៅវៀតណាម។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ Nghia បានមកប្រទេសកម្ពុជា ដើម្បីទាក់ទងជាមួយមនុស្សម្នាក់ឈ្មោះ A Chia ដើម្បីទិញថ្នាំញៀន។ ចាប់ពីខែមករា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០១៩, Nghia បានទិញថ្នាំញៀនចំនួន ១២ គីឡូក្រាមរួមទាំងថ្នាំ កេតាមីន និង អ៊ិចស្តាស៊ី ពីឈ្មោះ A Chia បន្ទាប់មកបានប្រគល់ឱ្យ Trang និងបក្ខពួកផ្សេងទៀតដើម្បីលក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top