ព័ត៌មានអន្តរជាតិ

ឱកាសនៃការបិទរដ្ឋាភិបាលអាមេរិក កើនឡើង ខណៈដែលសភា នៅតែជាប់គាំងជុំវិញច្បាប់ផ្តល់មូលនិធិ

Xinhua

វ៉ាស៊ីនតោន៖ ការបិទរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ឥឡូវនេះមើលទៅទំនងជាកាន់តែខ្លាំងឡើង ដោយសារតែវិធានការផ្តល់ថវិកា ដែលស្នើឡើងដោយព្រឹទ្ធសភា មានឱកាសតិចតួចក្នុងការឈានទៅមុខក្នុងសភា ចំពេលមានការប៉ះទង្គិចគ្នារវាងគណបក្សសាធារណរដ្ឋ ដែលបានធ្វើឱ្យស្មុគស្មាញដល់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងគណបក្សទាំងពីរ។

ជាប្រពៃណី សភាតំណាងរាស្រ្តធ្វើចលនាដំបូងលើច្បាប់ចំណាយ និងចំណូល ប៉ុន្តែប្រធានសភាអាមេរិក Kevin McCarthy បានបរាជ័យក្នុងការទទួលបានការគាំទ្រពីគណបក្សផ្ទាល់ខ្លួនរបស់លោក លើច្បាប់ផ្តល់មូលនិធិបញ្ឈប់ដោយបង្ខំឱ្យសមាជិកព្រឹទ្ធសភាធ្វើការផ្លាស់ប្តូរលើកដំបូងនៅសប្តាហ៍ចុងក្រោយមុនពេលបិទ។

សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា សប្តាហ៍មុនថ្ងៃបុណ្យ Thanksgiving ជាមួយនឹងកម្រិតមូលនិធិបន្តនៅកម្រិតដូចពីមុន។ វារួមបញ្ចូលទាំងជំនួយប្រហែល ៦,១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រហែល 6៦ពាន់លានដុល្លារសម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយក្នុងស្រុក។

មេដឹកនាំភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer បានពិពណ៌នាអំពី “ដំណោះស្រាយបន្តថា ជាស្ពាន ដើម្បីទិញអ្នកចរចាពេលវេលាបន្ថែមទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងលើច្បាប់ផ្តល់មូលនិធិរយៈពេលវែង។

ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើសភានឹងជំរុញផែនការនេះឱ្យទាន់ពេល ដើម្បីបញ្ចៀសការបិទទ្វារ ដោយមានរយៈពេលតែ ៣ថ្ងៃទៀតប៉ុណ្ណោះមុនពេលការផ្តល់មូលនិធិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០២៣ ផុតកំណត់។

លោក McCarthy បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ខ្ញុំមិនឃើញការគាំទ្រនៅក្នុងសភាទេ” សម្រាប់ច្បាប់ព្រឹទ្ធសភា។ លោកបានប្រាប់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅក្នុងកិច្ចប្រជុំបិទទ្វារនៅថ្ងៃតែមួយថា លោកនឹងមិនយកសេចក្តីព្រាងច្បាប់ព្រឹទ្ធសភា ទៅសភាសម្រាប់ការបោះឆ្នោតតាមទម្រង់បច្ចុប្បន្ននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top