ព័ត៌មានអន្តរជាតិ

មនុស្សតិចបំផុត ២៥នាក់ រងរបួសនៅក្នុងពេលអគ្គិភ័យឆាបឆេះ ទ្រង់ទ្រាយធំនៅស្នាក់ការកណ្តាលសន្តិសុខ នៅភាគឦសាន នៃប្រទេសអេហ្ស៊ីប

Xinhua

គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា សេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ Nile បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់ បានរងរបួសក្រោយពីអគ្គិភ័យដ៏ធំមួយ បានកើតឡើងនៅឯស្នាក់ការកណ្តាលសន្តិសុខ នៅក្នុងទីក្រុង Ismailia Canal នៃប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃចន្ទនេះ ។

កម្លាំងការពារស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងមូលដ្ឋានត្រូវបានពង្រាយដើម្បីពន្លត់អគ្គិភ័យ ខណៈមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ។

ទន្ទឹមនឹងនេះដែរ រថយន្តសង្គ្រោះចំនួន ៣០គ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ របស់រដ្ឋាភិបាលដែលនៅជិតបំផុត ។

សេចក្តីការណ៍បានឲ្យដឹងទៀតថា ជញ្ជាំងមុខអគាររបស់ប៉ូលិស ត្រូវបានបាក់ធ្លាក់ដោយអគ្គិភ័យ បានឆាបឆេះឡើងដល់៤ជាន់ ។

ក្រុមកម្មករទាំងអស់នៅក្នុងអគារ ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញរហូត ដល់ការទប់ស្កាត់ការឆាបឆេះ ត្រូវបានបញ្ចប់ទាំងស្រុង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top