ព័ត៌មានអន្តរជាតិ

អង់គ្លេស សន្យាផ្តល់ប្រាក់ជិត ៥ពាន់លានដុល្លារ ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារ ក្រោម កិច្ចព្រមព្រៀង AUKUS

រូបភាពពី៖​ XINHUA

ឡុងដ៌៖ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤ពាន់លានផោន (៤,៨ ពាន់លានដុល្លារ) ជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ដែលជាផ្នែកមួយនៃកម្មវិធី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេស Grant Shapps។

លោក Shapps បានឲ្យដឹងនៅឯសន្និសីទគណបក្សអភិរក្សឆ្នាំ២០២៣ ថា “ខ្ញុំអាចប្រកាសថាយើងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃ ៤ ពាន់លានផោន ជាមួយអាជីវកម្មឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មានប្រតិបត្តិការដោយ Royal Navy” ។

ប្រមុខការពារជាតិអង់គ្លេសបានបន្ថែមថា នាវាមុជទឹក “អ្នកប្រមាញ់ឃាតករ” ថ្មីនឹងអនុញ្ញាតឱ្យប្រទេសនេះរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្រោមសមុទ្រ និងជួយផ្តល់ថវិកាដល់ការងាររាប់ពាន់កន្លែងនៅក្នុងប្រទេស។

អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសភាពជាដៃគូការពារជាតិត្រីភាគីថ្មីហៅថា AUKUS នៅក្នុងខែកញ្ញា ឆ្នាំ២០២១។ គំនិតផ្តួចផ្តើមដំបូង ដែលត្រូវបានប្រកាសក្រោមកិច្ចព្រមព្រៀងការពារ AUKUS គឺការអភិវឌ្ឍន៍បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់កងទ័ពជើងទឹក Royal Australian ដូច្នេះរដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តបោះបង់ចោល កិច្ចព្រមព្រៀងរបស់ខ្លួន ដែលបានប៉ាន់ប្រមាណថា មានចំនួន ៦៦ពាន់លានដុល្លារនៅពេលនោះជាមួយនឹងក្រុមហ៊ុន Naval Group របស់ប្រទេសបារាំងសម្រាប់ការសាងសង់នាវាមុជទឹកអគ្គិសនីប្រើម៉ាស៊ូត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top