ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ព្យាករណ៍ថា ចំនួនពលរដ្ឋរបស់ខ្លួនក្នុងឆ្នាំ២០២៣នេះមានរហូតដល់ជាង៥៦លាននាក់

រូបភាពពី៖​ XINHUA

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងអន្តោប្រវេសន៍ និងប្រជាជនបានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៦,២ លាននាក់ ក្នុងនោះមានបុរសចំនួន២៦,៨លាននាក់ និងស្ត្រី២៩,៤លាននាក់ ។

ក្រសួងខាងលើបានឲ្យដឹងថា ចំនួនប្រជាជនដែលបានប៉ាន់ស្មាននៅក្នុងឆ្នាំ២០២៣នេះត្រូវបានចេញផ្សាយដោយផ្អែកលើជំរឿនប្រជាជនមីយ៉ាន់ម៉ា និងលំនៅដ្ឋានឆ្នាំ២០១៤ ។

ប្រជាជនមីយ៉ាន់ម៉ាមានចំនួនជាង៥១លាននាក់នៅក្នុងជំរឿន២០១៤ ។ យោងតាមតួលេខនេះ ចំនួនប្រជាជនរបស់ប្រទេសនៅក្នុងឆ្នាំនេះ គឺខ្ពស់ជាងកាលពីឆ្នាំ២០១៤ ហើយការធ្វើជំរឿនសាកល្បងកំពុងត្រូវបានធ្វើឡើងសម្រាប់ឆ្នាំ២០២៤។ អគ្គនាយក U Win Zaw Aung បម្រើការងារនៅក្រសួងអន្តោប្រវេសន៍ និងប្រជាជនបានប្រាប់ដល់ Xinhua យ៉ាងដូច្នេះ កាលពីថ្ងៃចន្ទ ។

ទិន្នន័យបង្ហាញឲ្យដឹងថា តំបន់ រ៉ងហ្គូន គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន៩លាននាក់ បន្ទាប់មកគឺតំបន់ Mandalay ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងរដ្ឋ Shan នៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនប្រជាជនចំនួន៦,៨លាននាក់ ។

ក្រសួងបានចេញផ្សាយជំរឿនប្រជាជនដែលបានប៉ាន់ប្រមាណជាប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់ជាឯកសារយោងក្នុងការបង្កើតគោលនយោបាយ និងគម្រោងរបស់រដ្ឋដោយរដ្ឋាភិបាល និងអង្គការតាមនាយកដ្ឋាននានា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top