ព័ត៌មានអន្តរជាតិ

Update ៖ EU ប្រមូលផ្តុំរដ្ឋមន្ត្រី ជួបប្រជុំពិភាក្សាគ្នា លើកដំបូង នៅក្រុងគៀវ

ប្រភព ៖ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការបរទេស របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស មួយចំនួន នៃសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នា នៅទីក្រុងគៀវសម្រាប់កិច្ចប្រជុំលើកដំបូង របស់ពួកគេ នៅខាងក្រៅប្លុកនេះ ។
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងនៅពេលបើកការជួបជុំគ្នា ក្រៅផ្លូវការថា “ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងបង្កើនល្បឿន នៃការធ្វើសមាហរណកម្មអឺរ៉ុប ជាមួយនឹងអ៊ុយក្រែន” ។

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចក្នុងការអនុវត្តអនុសាសន៍ ចំនួន៧របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមការចរចា ស្តីពីសមាជិកភាពនៅក្នុងឆ្នាំនេះ ដោយអរគុណសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ។

លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្លុកនេះនឹងអនុម័តលើឧបករណ៍ហិរញ្ញវត្ថុថ្មី ដែលមានថវិកាសរុបចំនួន៥០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល៥២,៣៧ពាន់លានដុល្លារ អាមេរិក សម្រាប់រយៈពេលគឺ ឆ្នាំ២០២៤ដល់២០២៧ ដោយបានអំពាវនាវ ឱ្យរដ្ឋមន្ត្រីការបរទេសបន្តការងារ ការទូតលើការអនុវត្តរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ។

លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា ជំនួយសរុបរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល៨៩ពាន់លាន ដុល្លារអាមេរិក ហើយសហភាពអឺរ៉ុបនឹងគាំទ្រប្រទេសនេះ ឱ្យបានយូរតាមភាពចាំបាច់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top