ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច១គ្រឿង ស្លាប់មនុស្ស២នាក់ នៅរដ្ឋ Oregon សហរដ្ឋអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃអង្គារ ក្រុមមន្ត្រីបានឲ្យដឹងថា យន្តហោះធុនតូច១គ្រឿង បានធ្លាក់ចូលទៅក្នុងផ្ទះមួយកន្លែងនៅក្នុងទីក្រុង Newberg រដ្ឋ Oregon សហរដ្ឋអាមេរិក ដោយបានបណ្តាល ឲ្យស្លាប់មនុស្សចំនួន២នាក់ ។

សាក្សីបានរាយការណ៍មកថា បានឃើញយន្តហោះ១គ្រឿង “បានវិលក្បាលចុះមកក្រោម ហើយធ្លាក់នៅជិតផ្លូវ North Cedar” នៅក្នុងទីក្រុង Newberg ប្រហែល៣០គីឡូម៉ែត្រស្ថិតនៅភាគនិរតីនៃទីក្រុង Portland ។

ក្រុមអ្នកពន្លត់អគ្គីភ័យ បានមកដល់កន្លែងកើតហេតុ ហើយបានរកឃើញមនុស្ស២នាក់ នៅក្នុងយន្តហោះបានស្លាប់ ។ ពួកគេបានជួយសង្គ្រោះមនុស្សម្នាក់ទៀត ដែលមានរបួសធ្ងន់ចេញពីយន្តហោះ ហើយបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ។

យន្តហោះបានធ្លាក់លើដំបូល ផ្ទះស្នាក់នៅមួយកន្លែង ។ មនុស្សនៅក្នុងផ្ទះបានជម្លៀសចេញដោយគ្មានរបួសទេ ។ គ្មាននរណាម្នាក់ នៅលើដីបានរងរបួសនោះទេ ក្រុមជួយសង្គ្រោះបានបញ្ជាក់ឲ្យដឹងដូច្នេះ ។

ក្រុមមន្ត្រីបានបញ្ជាក់ថា ស្នងការប៉ូលិសប្រចាំ Newberg-Dundee រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូនជាតិកំពុងធ្វើស៊ើបអង្កេត មូលហេតុនៃការធ្លាក់នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Tualatin Valley Fire & Rescue

To Top